(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីការអនុវត្តច្បាប់ និងអនុលោមភាពគយលើកទី២២។
កិច្ចប្រជុំនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈប្រតិភូគយមកពីប្រទេសសមាជិកអាស៊ានទាំង៩ និងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ តែអវត្តមានប្រទេសឡាវ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមគោលបំណងពិនិត្យវាយតម្លៃលទ្ធផលការងារពាក់ព័ន្ធផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍គយលើផ្នែកសវនកម្មក្រោយបញ្ចេញទំនិញពីគយ ដែលជាយន្តការគាំទ្រដល់ការពង្រឹងអនុលោមភាពគយផ្នែកអនុវត្តច្បាប់ និងការជួយគ្នាទៅវិញទៅមក និងផ្នែកកិច្ចការពារសង្គមនិងសន្តិសុខ ដែលផ្តោតសំខាន់គឺការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា រួមទាំងការរំលោភកម្មសិទ្ធិបញ្ញាការនាំចេញនាំចូលទំនិញក្លែងក្លាយ និងសំណល់គ្រោះថ្នាក់ផងដែរ។
មួយវិញទៀត កិច្ចប្រជុំនេះ ដើម្បីដាក់ចេញអនុសាសន៍ក៏ដូចជាផែនការការងារសម្រាប់រយៈពេលវែងរហូតដល់ឆ្នាំ២០២៥ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ក៏ដូចជាលទ្ធផលជាក់ស្តែងនៃការងារតាមផ្នែកទាំង ៣ខាងលើ។
ទោះបីរដ្ឋបាលគយអាស៊ានបានសម្រេចលទ្ធផលជាច្រើនមកហើយក្តី ការងារកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ការអភិវឌ្ឍផ្នែកច្បាប់ និងបច្ចេកទេសគយ និងការពង្រឹងកិច្ចសហប្រតិបត្តិការគយក្នុងអាស៊ាននៅជាការងារសំខាន់ជាអាទិភាព។ នៅក្នុងនោះកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ នឹងពិភាក្សាជាច្រើន ដើម្បីជំរុញឲ្យមានការចែករំលែកចំណេះដឹងជំនាញនិងបទពិសោធន៍ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការចែកចាយព័ត៌មាន ដែលបម្រើឲ្យការងារកំណត់មុខសញ្ញា ការទប់ស្កាត់ ការបង្ការនិងការបង្រ្កាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែននានាឲ្យកាន់តែមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អបន្ថែមទៀត។
កម្រិតអភិវឌ្ឍន៍ និងការយល់ដឹងជាសាធារណៈអំពីការគោរពច្បាប់របស់ប្រទេសជាសមាជិកអាស៊ាននៅមានភាពខុសៗគ្នា រីឯស្ថានភាពបទល្មើសនៅក្នុងប្រទេសនីមួយៗក៏មិនដូចគ្នាដែរ។ អ្នកប្រព្រឹត្តបទល្មើសបាននិងកំពុងរិះរកគ្រប់ល្បិចកលក្នុងការរត់ឆ្លងដែន និងគេចបន្លំពន្ធជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រមូលចំណូលរដ្ឋ ការប្រកួតប្រជែងដោយសមធម៌ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម នៅពេលដែលរដ្ឋបាលគយត្រូវធានាតុល្យភាពរវាងការសម្រួលពាណិជ្ជកម្មនិងការគ្រប់គ្រងរបស់គយ។
នេះជាការងារលំបាកមួយហើយក៏ជាមូលដ្ឋានសំខាន់សម្រាប់កិច្ចប្រជុំចំនួន ៣ថ្ងៃនេះ ដែលនឹងត្រូវពិភាក្សាកំណត់នូវវិធានការ និងសកម្មភាពការងារសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ ការប្រមូលពន្ធបានពេញលេញហើយបទល្មើសរត់ពន្ធឆ្លងដែនក៏ដូចជាការគេចបន្លំពន្ធគ្រប់ប្រភេទត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។
វិធានការនិងសកម្មភាពការងារទាំងនេះនឹងត្រូវពិនិត្យឡើងវិញជាប្រចាំនៅកិច្ចប្រជុំលើកក្រោយ ដែលកិច្ចប្រជុំនេះត្រូវរៀបចំឡើង ២ដងរៀងរាល់ឆ្នាំ ដើម្បីធានាប្រសិទ្ធភាពនិងទទួលបានជោគជ័យ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបេ្តជ្ញាចូលរួមជាមួយរដ្ឋបាលគយជាសមាជិក ដើម្បីធ្វើឲ្យអនុសាសន៍និងផែនការសកម្មភាពសម្រេចបានក្នុងអង្គប្រជុំនេះទទួលបានជោគជ័យ៕