(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា ជាមនុស្ស «ឈ្លើយតពូជ» ដែលមិនអាចឱ្យសម្តេចបន្តធ្វើការជាដៃគូជាមួយគ្នាបាន។ ការរិះគន់នេះបានធ្វើឡើងនៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)

ថ្លែងទៅកាន់អ្នកចូលរួមវេទិកានេះជាង៧០០នាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវមូលហេតុដែលនាំឱ្យសម្តេច មិនអាចបន្តវប្បធម៌សន្ទនា ជាមួយលោក សម រង្ស៊ី នាពេលកន្លងទៅបាន។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អំឡុងពេលមានវប្បធម៌សន្ទនានោះ លោក សម រង្ស៊ី បានប្រមាថ ដល់កិត្តិយសសម្តេចយ៉ាងធ្ងន់ធ្ងរនៅពីក្រោយខ្នង ក្នុងនោះរាប់ទាំងពេលជួបជុំទទួលទានអាហាររួមគ្នារវាងគ្រួសារសម្តេច និងគ្រួសាររបស់ លោក សម រង្ស៊ី កាលពីខែកក្កដា ឆ្នាំ២០១៥ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វប្បធម៌សន្ទនា ខ្ញុំបានបង្កើត ក៏ប៉ុន្តែខ្ញុំសន្ទនាវាមិនរួច»។ សម្តេចបន្តថា៖ «តើខ្ញុំធ្វើបានទេ មុខមាត់ខ្ញុំប៉ុណ្ណឹងដែរធ្វើបានទេ? វ៉ៃ SMS មួយមកសួរខ្ញុំថា "សម្តេចកូនខ្ញុំមកដល់ហើយ តើគួរឱ្យកូនៗជួបស្គាល់គ្នាទេ?" ខ្ញុំបានវ៉ៃត្រឡប់ទៅវិញ ខ្ញុំថា "យកល្អ ឯកឧត្តម និងលោកជំទាវ ខ្ញុំនិងគ្រួសារខ្ញុំ និងកូនៗទាំងអស់ ឱ្យពួកគេជួបជុំគ្នាទៅយើងបាយជាមួយគ្នា១ពេល»

សម្តេចបានបញ្ជាក់ថា «ខ្ញុំមិនចាត់ទុកថា កូនៗរបស់គាត់អាក្រក់ទេ កូនៗរបស់គេល្អ ប៉ុន្តែមិនគួរឡើយ (គាត់)ទៅសម្ភាសន៍ជាមួយកាសែតបារាំងថា "លោក ហ៊ុន សែន បានយល់ដឹងថា ខ្លួននឹងចាញ់ឆ្នោតហើយ បានជាឱ្យកូនរបស់គាត់ស្គាល់កូនរបស់ខ្ញុំ"»។ ...«នែ៎ ! អាសូរតែកូនរបស់ខ្ញុំទៅដល់ស្រុកបារាំង ទៅដល់ហ្សឺណែវ ទៅដល់អាមេរិកដើម្បីជួបកូនគេទៅចុះ។ (គាត់)មានតែកូន១ដែលមានផ្ទៃពោះមកមិនរួច ក្រៅពីនោះអានៅហ្សឺណែវនៅស្វីស មកពីអាមេរិក ខ្ញុំក៏បានឱ្យកូនៗស្គាល់»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា លោក សម រង្ស៊ី គឺជាមនុស្សដែលមិនអាចទុកចិត្តបាន ដែលតែងតែលួចវាយប្រហារសម្តេច ពេលចេញទៅ ក្រៅប្រទេស អំឡុងពេលភាគីទាំងពីកំពុងមានវប្បធម៌សន្ទនា ខណៈដែលសម្តេចធ្លាប់បានស្នើលើកលែងទោសឱ្យចំនួន២ដងរួចទៅហើយ។

សម្តេចថ្លែងទៀតថា៖ «មានមនុស្សច្រើនណាស់នៅជាមួយខ្ញុំបាន។ ខ្ញុំនៅតាំងពីមនុស្សតិចតួច រហូតដល់មនុស្សមួយប្រទេសនៅជាមួយ។ ចុះហេតុអ្វីបានជា ខ្ញុំធ្វើជាមួយម្នាក់ហ្នឹងមិនកើត ខ្ញុំលើកលែងទោសឱ្យ២ដងរួចហើយ ប៉ុន្តែវាមិនកែ។ ប្រមាថគេ "មានសែនអត់ស៊ី មានស៊ីអត់សែន" អើ ! ឥឡូវមានហើយ អញ្ចឹងឥឡូវមានតែសែន វាអត់ហើយអាហ្នឹង ឱ្យវាត្រូវទំនាយទៅអញ្ចឹងទៅ ធ្វើយ៉ាងម៉េច នេះមិនមែនខ្ញុំបង្កហេតុទេ។.. ចុះពីលើឡានមក "អា៣នាក់ជាចោរលួចជាតិ អាកណ្តាលខូចជាងគេ" អញ្ចឹងៗ តើខ្ញុំធ្វើជាមួយបានទេ ! អានេះឆ្លើយតពូជ»