(ភ្នំពេញ)៖ សាលាបញ្ញាសាស្រ្តអន្តរជាតិ បានបញ្ជូនសិស្សានុសិស្សកម្ពុជាចំនួន៤នាក់ ដែលមានសមត្ថភាពឆ្នើមជាងគេ ក្រោយឆ្លងកាត់ការប្រឡងដ៏តឹងរឹងបំផុត ក្នុងសាលាផ្ទាល់ ទៅចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីប្រឡង ផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិ» លើកទី១១ នៅទីក្រុងនីស ប្រទេសបារាំង រយៈពេល១០ថ្ងៃ ដែលបេសកកម្មនេះ ដឹកនាំដោយលោកនាយកសាលា នូ រ៉េត និងលោកបណ្ឌិត ហេង ម៉េង ប្រធានដេប៉ាតេម៉ង់អប់រំ នៃវិទ្យាស្ថានជាតិអប់រំ។

លោកនាយក នូ រ៉េត បានឲ្យដឹងថា កម្មវិធីប្រឡងផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិ ផ្ដោតសំខាន់លើសកម្មភាពមួយ ក្នុងចំណោមសកម្មសំខាន់ៗដទៃទៀត របស់អង្គការអប់រំភូមិសាស្រ្តអន្តរជាតិ និងបណ្ដាប្រទេសនានា លើពិភពលោក ផ្ដោតជាពិសេសលើមុខវិជ្ជាផែនដីវិទ្យា។ មែកធាងនៃកម្មវិធីប្រឡងផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិនេះ មានដូចជាមណ្ឌលធរណីវិទ្យា មណ្ឌលជលធាវិទ្យា មណ្ឌលបរិយាកាស ប្រព័ន្ធភពវិទ្យា ភូគម្ភវិទ្យា ភូមិវិទ្យារូប ឧតុនិយម សាគរវិទ្យា តារាវិទ្យា និងបរិស្ថាន។

ការចេញដំណើរពីកម្ពុជាធ្វើឡើងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ហើយលោក នូ រ៉េត បានរំឭកនាឱកាសនោះថា កម្ពុជាធ្លាប់បានបញ្ជូនសិស្សឆ្នើមទៅចូលរួមប្រកួតប្រជែងបានចំនួន ៥លើក រួចមកហើយ តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ដែលមានសិស្សចូលរួមសរុបចំនួន ១៨នាក់ ចាប់ពីកម្រិតសិក្សាថ្នាក់ទី១០ ដល់ទី១២ ជាមួយការទទួលបានមេដាយឆ្នើមចំនួន ៦គ្រឿង និងវិញ្ញាបនបត្រចំនួន៤ ជាបន្តបន្ទាប់។

លោកនាយកបានបន្តថា គោលបំណងចូលរួមកម្មវិធីប្រឡងផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិនេះ គឺដើម្បី៖

១៖ ទទួលបានចំណេះដឹងជាមូលដ្ឋាន អំពីលក្ខណៈរូបនៃសមាសធាតុនៅក្នុងភពផែនដី សណ្ឋានដី និងចលនាសណ្ឋានផ្នែកខាងក្នុងនៃភព។

២៖ ទទួលស្គាល់ និងយល់ពីទំនាក់ទំនងទៅវិញទៅមក នៃការបម្លាស់ប្ដូរថាមពល និងបញ្ហាខ្លះៗរវាងរចនាសម្ព័ន្ធសណ្ឋានដី និងរាប់បញ្ចូលទាំងជីវមណ្ឌល។

៣៖ យល់ដឹងពីទីកន្លែងរចនាសម្ព័ន្ធមនុស្សប្រៀបបានដូចជាផ្នែកមួយនៃរចនាសម្ព័ន្ធផែនដី។

៤៖ យល់បាននូវជំនាញស្រាវជ្រាវបែបវិទ្យាសាស្រ្ត ជាមូលដ្ឋានលើការសង្កេត និងសមត្ថភាព ដើម្បីយល់ដឹងរវាងការសង្កេត ការសន្និដ្ឋាន និងការស្មានទុកជាដើម។

៥៖ អភិវឌ្ឍន៍លើទ្រង់ទ្រាយនៃការគិតលើវិទ្យាសាស្រ្តផែនដី (ការគិតពីទំហំ ជម្រៅ និងអាយុកាលរបស់ភូគម្ភសាស្រ្ត)។

៦៖ អភិវឌ្ឍន៍ជំនាញដែលមានតម្រូវការតាមលំដាប់លំដោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងលើបរិស្ថាន។

៧៖ ប្រើប្រាស់មុខវិជ្ជាផែនដីវិទ្យាប្រៀបបានឧបករណ៍មួយ ដើម្បីបង្ហាញនូវគោលការណ៍ និងលក្ខណៈគីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា។

៨៖ សិក្សាភ្ជាប់ជាមួយនឹងទេសភាពធម្មជាតិ និងការយល់ដឹងអំពីភពផែនដី។

៩៖ យល់ដឹងពីហេតុបណ្ដាលឲ្យមានគ្រោះមហន្តរាយធម្មជាតិ និងអន្តរអំពើនូវទំនាក់ទំនងរបស់ពួគវាជាមួយសកម្មភាពមនុស្សលើផែនដី។

សូមជម្រាបថា គណៈកម្មការផែនដីវិទ្យាអូឡាំព្យាដកម្ពុជា មានផែនការនឹងបញ្ជូនសិស្សឆ្នើម ដើម្បីចូលរួមនៅក្នុងកម្មវិធីប្រឡងផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិជាបន្តទៀត ដោយជ្រើសរើសជាសាធារណៈ ហើយយកតែសិស្សទាំងឡាយណា ដែលទទួលបាននិទ្ទេស A និង B ពីកម្រិតថ្នាក់ទី១០ ទី១១ និងទី១២ និងមានអាយុត្រឹម១៨ឆ្នាំ តាមសាលានានា៕