(ព្រះសីហនុ)៖ និស្សិតមកពីសាកលវិទ្យាល័យ (BBU) និងសិក្ខាកាមមកពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តព្រះសីហនុ ចំនួន៥០នាក់ ដឹកនាំដោយលោក ស៊ុន វាសនា មន្ត្រីការិយាល័យ ( JICA) ប្រចាំកម្ពុជា បានដឹកនាំក្រុមនិស្សិត និងសិក្ខាកាមខាងលើចុះធ្វើទស្សនកិច្ចសិក្សា កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាចុងសប្តាហ៍នេះ។

លោក ស៊ុន វាសនា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចសិក្សានាពេលវេលាខាងលើនេះ ក្នុងគោលបំណងឱ្យសិស្ស-និស្សិត និងសិក្ខាកាមបាន សិក្សាស្វែងយល់អំពីសក្តានុពល ស្ថានភាពបច្ចុប្បន្នរបស់កំពង់ផែ រួមជាមួយគម្រោងអភិវឌ្ឍន៍ដែលជាជំនួយបច្ចេកទេស និងកម្ចីសម្បទានជប៉ុន។

លោក ទី សាគន្ធ នាយកដ្ឋានបច្ចេកទេសកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានធ្វើបទបង្ហាញតាមរយៈការបញ្ចាំងស្លាយឯកសារសកម្មភាព ប្រើប្រាស់គ្រឿងចក្របែបទំនើបៗ ក្នុងការលើកដាក់ទំនិញដឹកជញ្ជូន ទៅតាមគោលដៅដែលបានគ្រោងទុករបស់ម្ចាស់ទំនិញ ឬម្ចាស់ក្រុមហ៊ុន និងបានបង្ហាញអំពីគម្រោងប្លង់ដែលបញ្ចប់ដោយប្រើប្រាស់ប្រាក់កម្ចី (ODA) ជប៉ុនគម្រោងស្តារបន្ទាន់កំពង់ផែក្រុងព្រះសីហនុ ដោយប្រើប្រាស់ ប្រាក់កម្ចី (J.B.I.C លេខ .Cp_p3 ( គ ) គម្រោងពង្រីកបន្ទាន់កំពង់ផែខេត្តព្រះសីហនុ ដោយប្រើប្រាស់ប្រាក់កម្ចី (JBIC) លេខ Cp_P4 គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ដោយប្រើប្រស់ប្រាក់កម្ចី JBIC លេខ Cp_p3 ជាមួយគ្នានេះនៅមាន គម្រោងអភិវឌ្ឍចំណតពហុបំណងកំពង់ផែក្រុងព្រះសីហនុ ដែលប្រើប្រាស់ប្រាក់កម្ចី (ODA) ជប៉ុន JICA ផងដែរ និងនៅមានគម្រោងជាច្រើន បន្ថែមទៀតដែលត្រូវធ្វើការអភិវឌ្ឍន៍។

លោកនាយកបច្ចេកទេស ប្រចាំកំពង់ផែខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា កំពង់ផែខេត្តព្រះសីហនុ (ក.ស.ស) ត្រូវបានសាងសង់ជាលើកដំបូងនៅឆ្នាំ ១៩៥៦ និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញក្រោយឆ្នាំ១៩៧៩ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់លោក លូ គឹមឈន់ ប្រតិភូ រាជរដ្ឋាភិបាល និងជាអគ្គនាយកកំពង់ផែ ដោយមានការគាំទ្រយ៉ាងពេញទំហឹងដោយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតបាននាំមកនូវសុខសន្តិភាពការបង្រួបបង្រួមជាតិ និងកាអភិវឌ្ឍហើយបច្ចុប្បន្នកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានប្រតិបត្តិការលើវិសាលភាពផ្ទៃដីទំហំ១២៥ហិកតាផងដែរ។ ដើម្បីឈានឆ្ពោះទៅការប្រគួតប្រជែងយកអតិថិជនលើ ការដឹកជញ្ជូនតាមផ្លូវទឹក ជាមួយបណ្តាប្រទេសជាសមាជិកនៅក្នុងអាស៊ានទៅថ្ងៃអនាគត៕