(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពលើសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ សម្រេចយកខេត្តស្វាយរៀង សម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើង​នៅឯស្រុកកំចាយមារ ខេត្តព្រៃវែង លើវាលព្រះស្រែ ក្នុងបរិវេណសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្រោមព្រះរាជអធិបតីភាព ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង ១ម៉ឺននាក់។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បី​​ផ្សងមើលប្រផ្នូល​របស់​ស្រុក​ទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តផង។​

ព្រះរាជពិធីនេះ ត្រូវបានអាកខាននៅក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ហើយត្រូវបានប្រារព្ធធ្វើជាថ្មីនៅក្នុងរបបរាជាណាចក្រទី២ គឺព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ក្រោយពេលរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕