(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅកាសែត The Cambodia Daily ថា ជាមេចោរ និងព្រមានឲ្យវិចបង្វិចចេញពីកម្ពុជាភ្លាម បើមិនព្រមបង់ពន្ធ ដែលខ្លួនគេចវេសរយៈពេលជាង១០ឆ្នាំមកហើយនោះ។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាសែត The Cambodia Daily ក្រៅពីគេចវេសកាតព្វកិច្ចបង់ពន្ធ ជូនកម្ពុជាជាង១០ឆ្នាំហើយនោះ ថែមទាំងចោទ ថា រឿងបង់ពន្ធនេះ ជារឿងនយោបាយទៅវិញ ខណៈដែលសម្ដេចអះអាងថា នេះហើយជាភាពអយុត្តិធម៌ ដែលសម្ដេចទទួលបានពីបរទេស ដោយគ្រាន់តែឲ្យ បរទេសនោះអនុវត្តច្បាប់របស់កម្ពុជាសោះ។
ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អាមេចោរ អត់បង់ពន្ធឲ្យរដ្ឋ១០ឆ្នាំ អានេះ១០ឆ្នាំ គេគិតតែអាច្បាប់ពន្ធទេ តែអានេះតាំង ពីកើតចេញជារូបរៀងមក មិនដែលបង់ពន្ធឲ្យរដ្ឋទេ សុំទោស។ ឥឡូវកំពុងតែបង្វែរទៅជាផ្លូវនយោបាយហើយ ខ្លួនឯងជាមេចោរហើយ មកបង្រៀនគេ។ បង់ពន្ធឲ្យរដ្ឋមក បើចង់នៅតទៅទៀតបង់ពន្ធឲ្យរដ្ឋ បើមិនបង់ពន្ធឲ្យរដ្ឋទេ វិចបង្វិចចាកចេញទៅ អាហ្នឹងនិយាយគ្នាឲ្យច្បាស់ៗ ហើយគ្មានរឿង នយោបាយនៅក្នុងហ្នឹងទេ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកជាឧទាហរណ៍ថា ប្រសិនបើពលរដ្ឋកម្ពុជា ទៅរកស៊ីនៅបរទេស ហើយមិនបានបំពេញកាតព្វកិច្ច តើពេលនោះរដ្ឋាភិបាលគេ នឹងធ្វើបែបណាទៅ ច្បាស់ណាស់ថា ប្រទេសគេក៏ប្រាកដជាមិនអាចអត់ឱនឲ្យពលរដ្ឋកម្ពុជាបានឡើយ ដូច្នេះបរទេសដែលចូលមករកស៊ីនៅកម្ពុជា ក៏ត្រូវបំពេញកាតព្វកិច្ចនេះដូចគ្នាផងដែរ។
បន្ទាប់ពីការចេញផ្សាយតាមវិទ្យុអាស៊ីសេរី ដោយម្ចាស់កាសែត Cambodia Daily ចោទប្រកាន់រដ្ឋាភិបាលថា មានចេតនានយោបាយក្នុងការចង់បិទកាសែតមួយ នេះជាមួយនឹងលេសថា ជំពាក់ថ្លៃពន្ធរដ្ឋាភិបាល១០ឆ្នាំនោះ, ឆ្លើយតបនឹងការលើកឡើងនេះលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើង និងឆ្លើយតបថា «សូមកុំលាងខ្លួនដោយ ចោទរដ្ឋាភិបាលជារឿងនយោបាយ លើករណីកំណត់ពន្ធនេះឲ្យសោះ, បើចង់បន្តសកម្មភាពរបស់ខ្លួន សូមមកបង់ពន្ធជូនរដ្ឋជាការស្រេច»។
អគ្គនាយកពន្ធដាររូបនេះ ធ្លាប់បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យ សម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ហើយកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ។
សូមរំលឹកថា នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហា បានសរសេរផ្ញើជូន នាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. (កាសែត Cambodia Daily) អាសយដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមាន ក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែល ជាង៦លានដុល្លារសហរដ្ឋអាមេរិក៕