(ពោធិ៍សាត់)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅខេត្តពោធិ៍សាត់ បានឲ្យដឹងនៅល្ងាចនេះថា ទីរួមខេត្តពោធិ៍សាត់ ក្រោយភ្លៀងមួយមេធំ ធ្វើឲ្យតំបន់មួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសផ្លូវលេខ១០៣ រួមទាំងផ្សារថ្មីពោធិ៍សាត់ រងនូវការលិចទឹក ប៉ុន្ដែមិនមានពលរដ្ឋណាម្នាក់រងគ្រោះនោះទេ។
យ៉ាងណាមិញ សេចក្ដីរាយការណ៍បានបញ្ជាក់ដែរថា ចំពោះការខូចខាតមិនមានអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្មានតែរំខានការរស់ស៊ីរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយសារតែទទួលរងនូវសម្ពាធទាបពីបរទេស។
ជាមួយគ្នានេះ ឥទ្ធិពលភ្លៀងមួយមេធំ ក៏បានប៉ះពាល់ដល់មណ្ឌលប្រឡងបឋមសិក្សាពោធិ៍សាត់ ក្នុងពេលដំណើរការប្រឡងមុខវិជ្ជាគណិតវិទ្យា ព្រោះថាមានបន្ទប់អគារសិក្សាមួយចំនួន ត្រូវបានទឹកសាចចូលតាមក្បឿង ហើយដែលអាចប៉ះពាល់ទៅដល់សន្លឹកកិច្ចការ របស់សិស្សានុសិស្ស៕