(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលជាមួយសកម្មជន មកពីសាខាបក្សភូមិចំនួន២៥ នៃគណៈកម្មាធិការបក្សឃុំរហាលដែលមានសមាជិក១៧០នាក់ នៅក្នុងបរិវេណវត្តរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំឱ្យសកម្មជនជាសមាជិក សមាជិកាយើងទាំងអស់ជាពិសេសឃុំរហាលរបស់យើងទាំងមូល ត្រូវបន្តរក្សាវប្បធម៌ សាមគ្គីគ្នា ចេះឈឺឆ្អាលជួយគ្នា ទៅវិញទៅមកពេលសមាជិក ឬគ្រួសារណាម្នាក់ជួបការលំបាកទោះក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគ្នានេះ ត្រូវចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អភិវឌ្ឍន៍មូលដ្ឋានរបស់យើង។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា «យើងសព្វថ្ងៃទទួលបានសុខសន្តិភាពហើយ សង្រ្គាមត្រូវបានបញ្ចប់ហើយ គ្មានការរត់កាត់គ្រប់រំសេវទៀតទេ សេរីភាព ជំនឿសាសនាត្រូវបានបើកទូលាយ ហើយប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិស្មើៗគ្នា ចំពោះមុខច្បាប់ដោយមិនប្រកាន់នូវពូជសាសន៍ពណ៌សម្បុរអ្វីឡើយ ជាមួយនឹងអ្វីៗ ដែលយើងមានមកទល់សព្វថ្ងៃ គឺកើតឡើងដោយសារភាពឈ្លាសវៃ រឹងមាំ ច្បាស់លាស់ ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឲ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកឃុំរហាល នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃមាន៖
១៖ សមាជិកសមាជិកា ចំនួន១៧០នាក់ ម្នាក់ទទួលបានសារ៉ុង១
២៖ ឧបត្ថម្ភសាខាបក្សភូមិទាំង២៥សាខា ក្នុង១សាខាទទួលបានថវិកា២០០.០០០រៀល
៣៖ ប្រគេនបច្ច័យកសាងវត្តរហាល១លានរៀល
៤៖ ជួសជុលផ្លូវលំ ប្រវែង២៨០០ម៉ែត្រ
៥៖ ស្ពានឆ្លងប្រឡាយ២០ម៉ែត្រ ភូមិចក
៦៖ សាលារៀន១ខ្នង ៥បន្ទប់
៧៖ ឧបត្ថម្ភគណបក្សឃុំ ថវិកា ១លានរៀល
៨៖ ឧបត្ថម្ភកងពលលេខ៥១ ថវិកា ១លានរៀល
៩៖ ឧបត្ថម្ភកងពលកាំភ្លើងធំ ថវិកា ១លានរៀល
១០៖ ឧបត្ថម្ភកងរថក្រោះ ១លានរៀល
១១៖ ជីកប្រឡាយ៦០០០ម៉ែត្រ កាត់ភូមិពពេល ឬស្សី រហាល ចក និងភូមិប៉ោយស្វាយ
១២៖ ជួសជុលដំបូលឧបដ្ឋានសាលាវត្តបាគង៕