ព្រះរាជអាជ្ញាខេត្តរតនគិរី បញ្ជាឲ្យសមត្ថកិច្ចចុះរឹបអូសឈើធ្នង់ និងគ្រញូងតម្លៃរាប់ម៉ឺនដុល្លារ ដែលត្រូវឈ្មួញគរលាក់ទុក ក្នុងស្នាក់ការសមាគមវៀតណាម
22-08-2017 16:49
(រតនគិរី)៖ មន្រ្តីរដ្ឋបាលព្រៃឈើក្រុងបានលុង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានចុះរឹបអូសឈើធ្នង់សន្លឹកមានមុខកាត់តូច-ធំ លាយចម្រុះគ្នាជាច្រើនសន្លឹក និងឈើគ្រញូងដុំមួយចំនួន ដែលគរទុកក្នុងស្នាក់ការសមាគមវៀតណាម ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចដែលចុះប្រតិបត្តិការ បានប្រាប់ឲ្យដឹងថា ការចុះរឹបអូសឈើធ្នង់សន្លឹក មានតម្លៃរាប់ម៉ឺនដុល្លារ និងឈើគ្រញូងជាច្រើនដុំនេះ ក្រោមបញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង បានប្រាប់ឲ្យដឹងថា វត្ថុតាងនាំយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ចាត់ការតាមច្បាប់ ហើយម្ចាស់ឈើត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា មានថៅកែ ឈ្មោះ ហាយ ជនជាតិវៀតណាម ដែលល្បីល្បាញខាងជំនួញឈើទៅវៀតណាម ជាយូរមកហើយ។
យ៉ាងណាក៏ដោយ ចំនួនឈើធ្នង់ និងឈើគ្រញូងមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ៕