(បាត់ដំបង)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តបាត់ដំបង រួមដំណើរដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ និងអ្នកគ្រូ ២នាក់ប្តីប្រពន្ធ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះខូចខាតគ្មានសល់ អំឡុងពេលដែលពួកគាត់ ជាប់បំពេញភារកិច្ចធ្វើជាអនុរ័ក្ស នៃការប្រឡងសញ្ញាបត្រទុតិយភូមិ។

ក្នុងឱកាសនេះដែរ លោកអនុរដ្ឋលេខាធិការ បាននាំយកនូវថវិកាមួយចំនួនរបស់ក្រសួងអប់រំយុវជន និងកីឡា, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលការលំបាកខ្លះផងដែរ។

សូមបញ្ជាក់ថា គ្រោះថ្នាក់អគ្គិភ័យមួយ បានលេបត្របាក់ឆេះផ្ទះគ្រូបង្រៀនពីរនាក់ ប្តី-ប្រពន្ធ ខ្ទេចគ្មានសល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ជាប់បំពេញភារកិច្ចទៅធ្វើជាអនុរ័ក្ស​ចំនួន២ថ្ងៃ នៅទីរួមខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ករណីនេះកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕