(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខ របររបស់អង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរបស់អង្គការមួយនេះ ដែលបន្តជួយកម្ពុជា ក្នុងការរៀបចំឱ្យមានគោលការណ៍ណែនាំមួយ សំដៅប្រើប្រាស់ធនធន និងបង្កើនផលិតផលក្នុងស្រុក។
លោករដ្ឋមន្រ្តីបានដឹងថា អង្គការ ILO បានបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ពិសេសលើវិស័យការងារនាពេលកន្លងមក បានចូលរួមគាំទ្ររហូតដល់ សម្រេចបាន នូវការបង្កើតឡើងនូវគោលនយោបាយជាតិ ស្តីពីការងារ និងមុខរបរឆ្នាំ២០១៥-២០២៥ ហើយថ្មីៗនេះ បានរៀបចំឱ្យមានផែនការសកម្មភាព រយៈពេល៣ឆ្នាំ សម្រាប់អនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងកំណើនរីកចម្រើនខាងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគទុននៅកម្ពុជា។
លោកបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការ ILO ដែលមានគម្រោងបន្តជួយកម្ពុជា ក្នុងការរៀបចំឱ្យមានគោលការណ៍ណែនាំមួយ សំដៅប្រើប្រាស់ធនធនក្នុងស្រុក និងបង្កើនផលិតផលក្នុងស្រុក។ ទន្ទឹមនឹងនេះ គោលការណ៍ណែនាំនេះជាត្រីវិស័យមួយ សម្រាប់តម្រង់ទិសឱ្យមានភាពស៊ីចង្វាក់គ្នា ក្នុងការអនុវត្តគោលនយោបាយនានា ជាពិសេសគោលនយោបាយជាតិ ស្តីពីការងារ និងមុខរបរ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងក្របខណ្ឌគោលនយោបាយ ស្តីពីកិច្ចគាំពារសង្គម។
លោកស្រី Makiko បានបញ្ជាក់ថា គោលបំណងរបស់លោកស្រី និងសហការរី ក្នុងពេលនេះ គឺដើម្បីស្វែងរកការពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធបន្ថែមទៀត ពិសេសក្រសួងការងារតែម្តង ដើម្បីសុំការគាំទ្រពីលោករដ្ឋមន្ត្រីចំពោះការអនុវត្តផែនការសកម្មភាពនេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាដែលមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ កម្រិតនៃការរីកចម្រើននោះ គឺបានមកពីការចូលរួមលើវិស័យជាច្រើន ក្នុងនោះវិស័យឧហ្សាហកម្ម គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកយ៉ាងខ្លាំងដល់កំណើននៃការអភវិឌ្ឍសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ផ្តល់នូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។
បើតាមលោករដ្ឋមន្រ្តី អ៉ិត សំហេង ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគតិយុត្ត គឺជាជំហានដំបូងដ៏សំខាន់បំផុតផងដែរ ដើម្បីលើកកម្ពស់ការងារសមរម្យ ព្រមទាំងនាំឱ្យកម្មករនិយោជិតឈានទៅរកបច្ចេកវិទ្យា ការអប់រំ ទីផ្សារការងារ និងការបណ្ដុះបណ្ដាល សម្រាប់ឈានទៅសម្រេចបាននូវឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងទំហំផលិតកាន់តែធំ ដែលបទពិសោធន៍ប្រទេសមួយចំនួន ដូចជា ជប៉ុន និងកូរ៉េ ដែលបានអភិវឌ្ឍន៍រីកចម្រើនតាមរយៈឧស្សាហកម្មដំបូងរបស់ខ្លួន ពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ៕