(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានបង្ហោះសារជូនពរ ទៅដល់សិស្ស ប្រឡងបាក់ឌុបទាំងអស់ ឲ្យទទួលបានជោគជ័យ។ សម្តេចតេជោ មានប្រសាសន៍បន្តថា ចំពោះសិស្សានុសិស្ស ដែលប្រឡងបាននិទ្ទេស A នឹងបានមកជួបសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ព្រមទាំងបានទទួលរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ នៅលើ Facebook យ៉ាងដូចច្នេះថា «ជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ដែលបាន ប្រឡងបាក់ឌុបក្នុងថ្ងៃចុងក្រោយនេះ សូមទទួល បានជោគជ័យគ្រប់ៗគ្នា។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ក្មួយៗ ចៅៗ ទាំងអស់ជាច្រើនឆ្នាំ កន្លងមកនេះ គឺកំពុងទទួលផលសម្រាប់អនាគតដ៏ល្អខាងមុខ។ ចំពោះក្មួយៗចៅៗសិស្សានុសិស្សដែលប្រឡងបាននិទ្ទេស A នឹងបានមកជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាពខាងមុខនេះ ព្រមទាំងបានទទួលនូវរង្វាន់លើកទឹកចិត្តទៀតផង»

ការផ្ញើសារជូនពរ ពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងនៅថ្ងៃទី២ នៃការប្រឡងបាក់ឌុប ដោយមានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន ១០១,៤១០នាក់ (ស្រី៥០,០៤៩នាក់)។​

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និង ខេត្ដកណ្ដាល និង​ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕