(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានបញ្ចប់ហើយ នៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃនេះ បន្ទាប់ពីបេក្ខជនជាសិស្សានុសិស្សថ្នាក់ទី១២ បានប្រឡងរួចរាល់លើវិញ្ញាសា៧មុខវិជ្ជា។

ការប្រឡងរយៈពេល២ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា អះអាងតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ដំណើរការសំណេរ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង ​គួរឲ្យ​កត់​សម្គាល់​ឡើយ​។

នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ពី​គណៈកម្មការ​មេប្រយោគ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ។ ដោយឡែក បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗខ្លួន​។

សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕