(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចបានបូជាអស់ហើយទាំងកែវភ្នែក និងកូនប្រុសផងដែរ ដើម្បីប្រទេស និងប្រជាជនកម្ពុជា ហេតុអ្វីចង់សម្លាប់ក្រុមគ្រួសាររបស់សម្តេចទៀត។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
ការថ្លែងគូសបញ្ជាក់បែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។
ក្នុងវេទិកាដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងរដ្ឋទូតប្រទេសនានាប្រចាំនៅកម្ពុជាផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំង ទៅលើអង្គការគ្លូប៊លវីតណេស ក៏ដូចជាបណ្តាប្រទេសនៅតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ដែលតែង តែស្រែកពីការកាប់ព្រៃឈើនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសក្នុងតំបន់អឺរ៉ុប បានកាប់ឈើអស់ទៅហើយដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ពួកគេ តែពេលនេះបែរជាមកស្រែក និងថាឲ្យកម្ពុជាទៅវិញ។ សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចមិនខឹងសម្បានឹងការរិះគន់របស់ប្រទេសតាំងខ្លួនជាបិតាធិបតេយ្យទាំងអស់នេះទេ តែសម្តេចក៏ចង់បានយុត្តិធម៌សម្រាប់កម្ពុជា និងការដឹកនាំរបស់សម្តេចផងដែរ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងផងដែរថា សម្តេចជាមេដឹកនាំដឹង យ៉ាងច្បាស់អំពីកម្ពុជា ព្រោះសម្តេចបានធ្វើជានាយករដ្ឋមន្រ្តីតាំងពីអាយុ ៣២ឆ្នាំ ហើយសម្តេចមិនដែលដឹកនាំឲ្យកម្ពុជានាំឲ្យមានគ្រោះថ្នាក់ដល់ ប្រជាជននោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំត្រូវការយុត្តិធម៌សម្រាប់ប្រទេសខ្ញុំ និងសម្រាប់ការដឹកនាំរបស់ខ្ញុំដែរ។ មួយជីវិតរបស់ខ្ញុំ ខ្ញុំបានបូជាអស់ ហើយទាំងកែវភ្នែក ទាំងកូនប្រុស ខ្ញុំបានបាត់បង់អស់ហើយខ្ញុំបានរួមដំណើរជាមួយប្រទេសនេះតាំងពីជីដូនជីតាចៅៗ ក្មួយៗតាំងពីទីក្រុងនេះមានមនុស្ស៧០នាក់ ឥឡូវទីក្រុងនេះពេញអស់មនុស្សហើយ»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា បានបន្តថា «អ្នកដែលដឹកនាំរាជរដ្ឋាភិបាល មានពិសោធន៍យូរឆ្នាំចាស់វស្សាគឺ ហ៊ុន សែន ហើយ ឥឡូវយើងគិតមើលធ្វើនាយករដ្ឋមន្រ្តីពីអាយុ៣២ឆ្នាំ ឥឡូវធ្វើបាន៣៣ឆ្នាំហើយ មានន័យថា ធ្វើជាងពាក់កណ្តាលជីវិតហើយ។ យ៉ាងហោចណាស់តៃកុងឡានមួយនេះ មិនដែលបើកឡានឲ្យភ្លាត់ទេ វាអាចធ្លាយកង់ វាអាចអី ប៉ុន្តែមិនដែលឲ្យមនុស្ស គ្រោះថ្នាក់នៅលើឡានទេ»។
នៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការខឹងសម្បា និងប្រតិកម្មយ៉ាងខ្លាំងផងដែរ ចំពោះអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថ និងការប៉ុនប៉ងកម្ចាត់ត្រកូល ហ៊ុន សូម្បីទារកនៅក្នុងអង្រឹងនោះ។ សម្តេចតេជោ បានចាត់ទុកសម្តីប្រមាថនេះថា ជាអំពើដ៏ពិសពុល ដែលសម្តេចគ្មានថ្ងៃអនុគ្រោះដល់អតីតដៃគូសន្ទនារូបនេះបានឡើយ។
សម្តេចបានបញ្ជាក់ដូច្នេះ «គេហ៊ានប្រមាថត្រកូល ហ៊ុន ថា ប្រសិនបើគេឈ្នះ គេសម្លាប់ត្រកូល ហ៊ុន សូម្បីកូននៅក្នុងអង្រឹងក៏មិនឲ្យដែរ ត្រង់ចំណុចនេះហើយដែល ខ្ញុំប្រកាសសង្រ្គាមមុនតែម្តង មិនឲ្យអ្នកឯងធ្វើផ្តេសផ្តាស់ទេ ត្រកូលហ៊ុន មិនមែនជាត្រកូលអ្នកឯងសម្លាប់ទេ មិនថាត្រកូលហ៊ុនទេ នរណាក៏ដោយមិនមែន ជាមនុស្សសម្រាប់ឲ្យគេសម្លាប់ទេ ខ្ញុំកំដរលេងដល់ទីបញ្ចប់។ នេះហើយជាអំពើពិសពុលរបស់ពួកគេ ដែលពួកគេមិនអាចទទួលបាន ខ្ញុំសូមនិយាយថា អ្នកឯងប្រឹងដល់ងាប់ទាំងខ្លួនទៀត ក៏អ្នកឯងមិនអាចកាន់អំណាចនៅស្រុកខ្មែរបានដែរ។ ចរិតរបស់អ្នកឯងបែបនេះនោះ វាគ្មាននរណាព្រមឲ្យអ្នកឯងកាន់ទេ និយាយឲ្យពិត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើប៉ះជីវិតរបស់សម្តេចគឺប៉ះមនុស្សរាប់លាននាក់ ដែលបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា។ បើទោះបីជា យ៉ាងណាសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការប៉ុនប៉ងធ្វើអំពើអាក្រក់ទាំងឡាយរបស់បក្សប្រឆាំងមិនអាចទៅរួចឡើយ ព្រោះកងទ័ពនៅក្នុងដៃរបស់សម្តេច ហើយសម្តេចគ្មានថ្ងៃឲ្យកងទ័ពទាំងនោះធ្លាក់ក្នុងដៃបក្សប្រឆាំងឡើយ។
សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងព្រមានទុកជាមុនទៀតថា ការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ត្រូវតែរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ ដោយមិនឲ្យមានស្ថានការណ៍ដូចឆ្នាំ២០១៣កើតមានជាដាច់ខាត៕