(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានបន្តពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយចាប់ពីពាក់កណ្តាលខែកក្កដា រហូតមកដល់ពេលនេះ សកម្មភាពអប់រំនេះ ត្រូវបានប្រជាពលរដ្ឋរាប់រយនាក់ ចូលរួមដោយផ្ទាល់។
តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអំឡុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការថ្នាក់តំបន់មួយដែលបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់អាស៊ី ។ ការអនុវត្ដកម្មវិធីនេះក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងមូលដ្ឋាន ។
កាលពីពេលថ្មីៗ នៅក្នុងខេត្តបាត់ដំបង និងសៀមរាបនេះ សកម្មភាពអប់រំត្រូវបានរៀបចំឡើងដោយសកម្ម ដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងមានចូលរួមគាំទ្រពីទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន ដែលមានវត្តមាននៅក្នុងខេត្តទាំងពីរនេះ ។
លោក មាន ដូន ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តបាត់ដំបង បានឲ្យដឹងថា «កម្មវិធីនេះ យើងបានធ្វើនៅក្នុងទីរួមខេត្តបាត់ដំបង ចំនួនប្រាំដងផងដែរ មកទល់ពេលនេះ គឺយើងឃើញថា មានប្រជាពលរដ្ឋចំនួន ជាង៤០០នាក់ ដែលបានចូលរួមជាមួយក្រុមការងាររបស់យើងខ្ញុំ មិនត្រឹមតែប៉ុណ្ណោះ យើងមានក្តីរីករាយ ដោយបានឃើញថា ប្រជាពលរដ្ឋទាំងអស់ នៅក្នុងទីរួមខេត្តបាត់ដំបង គឺគាត់មានការពេញចិត្តក្នុងការចូលរួម»។
ចំណែក លោក ខាន់ សុវណ្ណារិទ្ធ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តសៀមរាប បានលើកឡើងដែរថា «ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រៀបចំសកម្មភាពនេះឡើង ក្នុងគោលបំណងដើម្បីអប់រំដល់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវឲ្យគាត់មានការយកចិត្ត ទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រោះអីការធ្វើដំណើរតាមដងផ្លូវសព្វថ្ងៃ បើយើងមានការធ្វេសប្រហែសតែបន្តិច វាអាចធ្វើឲ្យគាត់ ឬក្រុមគ្រួសារគាត់មានវិប្បដិសារីបាន» ។
អ្នកស្រី សឿន មករា រស់នៅក្នុងក្រុងបាត់ដំបងម្នាក់ ដែលបានចូលរួមក្នុងសកម្មភាពនេះ បាននិយាយថា «ខ្ញុំសូមអរគុណដល់ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលលើកកម្មវិធីនេះមក ព្រោះជាកម្មវិធីល្អ មានការអប់រំ ហើយជំរុញឲ្យប្រជាជនយើងយល់ដឹងច្រើនទាក់ទងនឹងចរាចរណ៍ ។រីឯ លោក កាំង សុផាវុធ អ្នកចូលរួមម្នាក់ ក្នុងខេត្តសៀមរាប បានឲ្យដឹងដែរថា «ដោយសារទាក់ទងទៅលើចរាចរណ៍ ពេលខ្លះយើងមានខ្វះខាតដែរ ដូចជា យើងចេះតែបើកភ្លេចគិតពីច្បាប់ យើងមិនទាន់សូវយោគយល់គ្នាទៅវិញទៅមក ឬយើងនៅខ្វះចន្លោះកន្លែងណាមួយ ហើយនៅថ្ងៃនេះ ខ្ញុំបានចូលរួមស្តាប់ទៅបានដឹងថា ខ្ញុំនៅខ្វះខាតតិចតួចដែរក្នុងរឿងច្បាប់ចរាចរណ៍នេះ»។
ក្នុងរយៈពេលជាងបួនឆ្នាំកន្លះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងផ្តល់សេវា និងផលិតផលធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ហើយលក់បានប្រមាណ ១០០,០០០បណ្ណសន្យារ៉ាប់រងហើយ មកទល់ពេលនេះ ។ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការការពារឈានមុខគេ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕