(ពោធិ៍សាត់)៖ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ បានអះអាងប្រាប់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ថា ដំណើរការសំណេរសម្រាប់ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅខេត្តពោធិ៍សាត់ បានប្រព្រឹត្តទៅដោយ ភាពរលូន មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ។
លោក លី សុគន្ធី បានថ្លែងថា នៅតាមមណ្ឌលប្រឡងទាំង៥ បានដំណើរការដោយភាពស្ងប់ស្ងាត់ មានរបៀបរៀបរយល្អដោយមាន ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើ ពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចជាច្រើនផៀងដែរ។ ដោយឡែកបេក្ខជនទាំងអស់នាំគ្នាគោរព តាមបទប្បញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងខិតខំប្រឹងប្រែងធ្វើកិច្ចការ តាមសមត្ថភាពរៀងៗខ្លួន។
សូមជម្រាបថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ចាប់ពីថ្ងៃទី២១-២២ ខែសីហាខាងលើនេះ ខេត្តពោធិ៍សាត់ មាន៥មណ្ឌល ចែកចេញជា២ផ្នែកទី១៖ ផ្នែកវិទ្យាសាស្រ្ត មាន៣មណ្ឌល ស្មើនឹង៧៥បន្ទប់ គឺមណ្ឌលវិទ្យាល័យ ពោធិ៍សាត់ខាងជើង មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ និងមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ មានបេក្ខជនចំនួន១៨៧៥នាក់ ក្នុងនោះស្រី៩៨០នាក់ និងទី២៖ ផ្នែកវិទ្យាសាស្ត្រសង្គម មាន២មណ្ឌល ស្មើនឹង៤១បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង និងមណ្ឌលអនុវិទ្យាល័យព្រែកស្តី មានបេក្ខជន១០១២នាក់ ក្នុងនោះស្រី៣១៧នាក់។
ក្នុងចំណោមនោះដែរ បេក្ខភាពជាព្រះសង្ឃ២១០អង្គ ដែលមកពីវិទ្យាល័យឈើតុំ វិទ្យាល័យ១០មករា និងបេក្ខជនស្វ័យរិន និងបំពេញញវិជ្ជា។ លោកប្រធានមន្ទីរបន្ដថា បើប្រៀបធៀបឆ្នាំសិក្សា២០១៥-២០១៦ ឆ្នាំនេះកើនបាន១មណ្ឌល ស្មើនឹង១៦បន្ទប់ និងបេក្ខជន៣៧១នាក់ ក្នុងនោះស្រី១១២នាក់។ មុខវិជ្ជាដែលត្រូវប្រឡងផ្នែកវិទ្យាសាស្ត្រ រួមមាន៖ ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសារបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិត្យា។ ដោយឡែកផ្នែកវិទ្យាសាស្ត្រសង្គម រួមមាន៖ បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ៕