(កូឡាឡាំពួរ)៖ ក្រោយបាត់បង់ឱកាសស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនោះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតបង្គ្រប់កិច្ចក្នុងពូល B ជាមួយក្រុមយុវជន U22 ទីម័រខាងកើត ដែលជាក្រុមមិនស្គាល់រសជាតិឈ្នះដូចគ្នា នាម៉ោង ១៩៖៤៥នាទីយប់នេះ នៅកីឡដ្ឋាន UM Arena Stadium នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី។
ក្រុមទាំងពីរសុទ្ធតែជាក្រុមហាលអាវ ក្រោយបរាជ័យ ៣ប្រកួតផ្ទួនៗ ដែលក្នុងនោះ ៣ប្រកួតរបស់កម្ពុជា គឺចាញ់ក្រុមហ្វីលីពីន ២-០, ចាញ់វៀតណាម ៤-១ និងចាញ់ក្រុមការពារមេដាយមាសថៃ ៣-០។ រីឯ៣ប្រកួតរបស់ក្រុម ទីម័រវិញ បានចាញ់វៀតណាម ៤-០, ចាញ់ថៃ ១-០ និងចាញ់ឥណ្ឌូនេស៊ី ១-០។ ដូច្នេះការជួបគ្នាយប់នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយក្រុមទាំងពីរនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា។
បើក្រឡេកទៅមើល ៣ប្រកួតចុងក្រោយខាងលើ គេឃើញទីម័រ ទទួលបានលទ្ធផលល្អប្រសើរជាងកម្ពុជា នៅក្នុងពូល B ដោយជួបក្រុមខ្លាំងថៃ និងឥណ្ឌូនេស៊ី របូតត្រឹម១គ្រាប់ប៉ុណ្ណោះក្នុង១ប្រកួត តាមរយៈលទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលការប្រកួតយប់នេះ ដែលពួកគេជឿជាក់ក្រុមគោព្រៃកម្ពុជាឈ្នះនោះ តើលោក Leonardo នឹងមានយុទ្ធសាស្ដ្រអ្វី ដើម្បីស្វែងរក៣ពិន្ទុដំបូង?
គួរបញ្ជាក់ដែរថា ចំពោះលទ្ធផលប្រកួតពូល A វិញ ពេលនេះបានរកឃើញក្រុមកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយរួមមានក្រុម U22 មីយ៉ាន់ម៉ា និងក្រុម U22 របស់ម្ចាស់ផ្ទះម៉ាឡេស៊ី។ មីយ៉ាន់ម៉ាបានឆ្លងកាត់៤ប្រកួត ឈ្នះ៣ និងចាញ់១ រកបាន៩ពិន្ទុ ធ្វើឲ្យក្រុមភ្ញៀវនេះឈរកំពូលតារាងបណ្ដោះអាសន្ន ខណៈម៉ាឡេស៊ី ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ រកបាន៩ពិន្ទុស្មើគ្នា ប៉ុន្ដែក្រុមនេះសល់១ប្រកួតក្នុងដៃ ដែលជាឱកាសរបស់ម៉ាឡេស៊ីដណ្ដើមកៅអីកំពូលតារាងត្រឡប់មកវិញ៕