(ភ្នំពេញ)៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) ពង្រីកសាខាថ្មីរបស់ខ្លួន ទៅកាន់ក្រុងកំពង់ចាម ហាង ភីហ្សា ដ៏ល្បីឈ្មោះ ដែលមានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនកម្ពុជា មានឈ្មោះថា ដឹ ភីហ្សា ខមផេនី (The Pizza Company) បានបើកសម្ពោធសាខាថ្មីជាផ្លូវការមួយទៀត ស្ថិតនៅក្រុង កំពង់ចាម កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលជាសាខាទី២៥ និងសាខាបែបភូមិគ្រឹះដ៏ស្កឹមស្កៃ ស្ថិតនៅតាមបណ្ដោយសួនច្បារមាត់ទន្លេ ជិតស្ពាន គីហ្សូណា។

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់ហាង ដឹ ភីហ្សា ខមផេនី សាខា ក្រុងកំពង់ចាម ថា លោកពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបាននាំយកភោជនីយដ្ឋានលក្ខណៈស្ដង់ដាអន្ដរជាតិ គឺដឹ ភីហ្សា ខមផេនី មកកាន់ទឹកដីក្រុងកំពង់ចាម ហើយនេះគឺជាហាងទី២៥ របស់ ដឹ ភីហ្សា ខមផេនី ហើយក៏ជាហាងទី៥៤ ខាងផ្នែកចំណីអាហាររបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទាំងមូលផងដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Group ជាក្រុមហ៊ុនមួយចាប់ផ្ដើមដំបូងតាំងពីឆ្នាំ១៩៩២ ក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្ដាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជារថយន្ដម៉ាក ហ្វត (Ford) ចាហ្គឺរ (Jaguar) ឡែនរ៉ូវឺ (Land Rover) និង (Range Rover) ត្រាំទ័រ ចន ឌារ (John Deere) រថយន្ដធន់ធ្ងន់ Fuso គ្រឿងចក្រ JCB និងខាងផ្នែកចំណីអាហារ ដូចជា The Pizza Company, Swensen, Dairy Queen, BBQ Chicken, Costa Coffee, Krispy Kreme, និង BAR B Q Plaza ជាដើម។ លើសពីនេះទៅទៀត លោកក៏បានបន្ថែមថា ក្រុមហ៊ុនរបស់លោក រំពឹងថានឹងនាំយកនូវ អាហារដ្ឋាន ស្ដង់ដាអន្ដរជាតិផ្សេងៗទៀតមកកាន់កំពង់ចាមផងដែរ។

គួរបញ្ជាក់ផងដែរ ហាង ដឹ ភីហ្សា ខមផេនី បានបម្រើជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ២០០៥ មកម្លេះ ហើយសព្វថ្ងៃនេះ ដឹ ភីហ្សា ខមផេនី មានសាខាចំនួន ២៥ ស្ថិតជានៅ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាម គឺជា សាខាទី ២៥ ដែលហាងនីមួយៗ ត្រូវបានរចនាឡើងជាលក្ខណៈបែបភូមិគ្រឹះយ៉ាងមានផាសុកភាព និងផ្ដល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ៕