(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែសីហានេះថា ការប្រមូលទិន្នផលស្រូវសែនក្រអូប ក្នុងរដូវបង្កបង្កើនផល ឆ្នាំ២០១៧-២០១៨ បានសម្រេចយ៉ាងហោចណាស់ចន្លោះពី៤០% ទៅ ៥០% ជាមួយតម្លៃសមរម្យ អាចទទួល​យកបាន​ទាំងកសិករ​ផលិត និងម្ចាស់រោងម៉ាស៊ីន។

យោងតម្លៃស្រូវដែលក្រុមលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករ បានស្រង់​នៅពីថ្ងៃទី ២១ ខែសីហាឆ្នាំ២០១៧ ស្រូវសែនក្រអូប​ស្ថិតនៅ ចន្លោះពី៩០៥រៀលដល់៩៤០រៀលក្នុងមួយគីឡូក្រាម ក្នុងចំណោមខេត្ត​ដែល​មានដំាដុះ​ស្រូវ​សែនក្រអូបច្រើន ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និង ខេត្តសៀមរាម។

សហព័ន្ធបានឲ្យដឹងទៀតថា អ្នករោងម៉ាស៊ីន និងតំណាងសហគមន៍កសិករ បានផ្តល់ហេតុផល​ផ្សេងៗ​គ្នាមួយចំនួន ដែលធ្វើឲ្យតម្លៃស្រូវ សែនក្រអូបរក្សាលំនឹង ព្រមទាំង អាច​ទទួលយកបានទាំងកសិករ និងអ្នករោងម៉ាស៊ីនដែលជាតួអង្គរដ៏សំខាន់ ក្នុងការប្រមូលទិញស្រូវ សម្រាប់សម្ងួត កិន កែច្នៃ និង នាំចេញ ក្នុងរដូវកាលនេះ។

លោក ឡាយ ឈុនហួ សមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធ និង ជា​នាយកគ្រប់គ្រងក្រុមហ៊ុនស៊ីធីរ៉ាយស៍ បានឲ្យដឹងថា រហូតមក​ដល់ពេលនេះ ទិន្នផលស្រូវសែនក្រអូបចន្លោះពី ៤០% ទៅ៥០% ត្រូវបាន​ប្រមូល​​ពីផ្ទៃដីដាំដុះរួចរាល់ហើយ រីឯស្រូវនៅសល់​នឹងត្រូវគេ ប្រមូល​ផល អស់​ក្នុងរយៈពេល៤សប្តាហ៍ទៀត។

លោកបានបញ្ជាក់ទៀតថា តម្លៃស្រូវនៅប្រទេសថៃនិងវៀតណាមបានកើនឡើងក្នុងរយៈពេលថ្មីៗនេះ ហើយវាបានធ្វើឲ្យអង្ករកម្ពុជានៅតែ មានលទ្ធភាពដើម្បីប្រកួតប្រជែង។

លោក ហេង ផេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជានាយក​គ្រប់គ្រង​​ទូទៅក្រុមហ៊ុនថ្មគោលរ៉ាយស៍ បានបញ្ជាក់ផងដែរថា មូលហេតុសំខាន់​មួយដែលនាំឲ្យតម្លៃស្រូវមានស្ថេរភាពក្នុងឆ្នាំនេះ គឺការប្រមូលផលរបស់ប្រជាកសិករមិនសម្រុកខ្លាំងក្នុងពេលតែមួយដូច រដូវកាលប្រមូផលក្នុងឆ្នាំមុន។

លោក ហេង ផេង ក៏បានឯកភាពលើហេតុផលរួមផ្សំខ្លះទៀត ដែលធ្វើឲ្យ​តម្លៃស្រូវមានលំនឹងល្អសម្រាប់ឆ្នាំនេះ ដូចជា អាកាសអំណោយ​ផល រដ្ឋាភិបាលចេញមុខ​អន្តរាគមទម្លាក់ទុន​ទាន់ពេលវេលាសម្រាប់ទិញស្រូវ តម្រូវការទីផ្សារខាងក្រៅមានភាពវិជ្ជមានសម្រាប់នាំចេញ និង ទីផ្សារ​វៀតណាមក៏បានរួមចំណែកស្រូបយកស្រូវពីកម្ពុជាក្នុងអំឡុងពេលនេះ។

លោក សាម ម្លិះ អ្នកសម្របសម្រួលប្រចាំតំបន់០៥ របស់សហព័ន្ធស្រូវ អង្ករកម្ពុជា ដែលមានខេត្ត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន បានបញ្ជាក់ថា ដោយយោងតាមផ្ទៃដីដាំដុះ ពីមន្ទីរកសិកម្មនៃខេត្តនិមួយៗ តំបន់០៥អាចមានទិន្នផល ស្រូវសែន​ក្រអូប​សរុបប្រមាណជិត ២៣ម៉ឺនតោន ដោយខេត្ត​បាត់ដំបង​មានបរិមាណ​ច្រើន​លើសគេ គឺប្រមាណ១៤០០០០ម៉ឺនតោន គ្រប់ដណ្តប់លើ​ផ្ទៃដី៣៥០០០​ហិកតា ដោយ១ហិកតាផ្តល់ទិន្នផល៤តោនស្រូវ៕