(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារចំការគ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ Fresh News ថា យុទ្ធនាការចុះត្រួតពិនិត្យមុខទំនិញទាំងនេះ បានធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក ហុង លៀង បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តទៅលើម្ហូបអាហារ និងទំនិញមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើនេះរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ តែបានរកទឹកភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទរួមមាន៖ ទឹកក្រូច B Smart ចំនួន១២ដប, ទឹកក្រូច Fanta ចំនួន១២ដប, ទឹកក្រូចដបតូច Big Volt ចំនួន៣៦ដប និងត្រីខកំប៉ុងចំនួន១៦កំប៉ុង។

លោកបានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែ មានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕