អភិបាលខេត្តតាកែវ ចំណាយថវិកាផ្ទាល់ខ្លួន១០លានរៀល បង្កើតកន្លែងផ្ញើកង់ និងម៉ូតូ មិនយកប្រាក់ពីសិស្សប្រឡងបាក់ឌុប
22-08-2017 14:02
(តាកែវ)៖ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានចំណាយថវិកាផ្ទាល់ខ្លួន ប្រមាណ១០លានរៀល ដើម្បីរៀបចំកន្លែងផ្ញើកង់ និងម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងរយៈពេល២ថ្ងៃនេះ។
គ្រប់មណ្ឌលប្រឡងទាំង១៥នៅក្នុងក្រុង-ស្រុក៣ របស់ខេត្តតាកែវ ត្រូវបានទទួលថវិកាពីលោកអភិបាលខេត្តតាកែវ ចាប់ពី៥០ម៉ឺនរៀល ដល់មួយលានរៀល ដើម្បីយកទៅចាត់ចែងរៀបចំកន្លែង ផ្ញើកង់ ម៉ូតូដោយមិនយកប្រាក់។
លោកបានថ្លែងថា «ប្អូនៗសិស្សានុសិស្ស ដែលចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ មិនបាច់ចំណាយលុយលើការផ្ញើកង់ម៉ូតូនោះទេ»។
លោក ឡាយ វណ្ណៈ ក៏បានថ្លែងនូវអំណគុណចំពោះសមត្ថកិច្ចទាំងអស់ ដែលបានខិតខំរៀបចំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ នៅក្នុងការប្រឡងនេះ។
គួរបញ្ជាក់ថា ការដែលលោកអភិបាលខេត្តតាកែវ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីរៀបចំកន្លែងផ្ញើកង់ ម៉ូតូដោយឥតគិថ្លៃនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានដឹងពីភាពមិនប្រក្រតីកាលពីឆ្នាំកន្លងទៅ នៃការយកតម្លៃផ្ញើ ម៉ូតូ ថ្លៃហួសហេតុរហូតដល់២ពាន់រៀល សម្រាប់ផ្ញើម៉ូតូមួយពេល។
ហេតុដូច្នោះដើម្បីលប់បំបាត់ឱកាសធ្វើមានធ្វើបានរបស់ក្រុមឈ្មួញខិលខូចមួយក្ដាប់តូច ដែលឆ្លៀតកេញចំណេញពីបេក្ខជនចូលរួមប្រឡងលើកនេះ ទើបលោកអភិបាលខេត្ត បានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយមិនយកប្រាក់តែម្តង៕