Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រកឃើញទំនិញ១០មុខ ខូចគុណភាព លក់នៅផ្សារបន្ទាយយួន និងផ្សារភូមិពោធិ, មន្រ្តីជំនាញដកហូត យកទៅដុតកំទេចចោល

22-08-2017 13:58

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារបន្ទាយយួន ស្ថិតនៅឃុំស្យា និងផ្សារភូមិពោធិ៍ ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារទាំងពីរខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ តែបានរកទឹកភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទ ដែលសរុបមានចំនួន១០មុខ ស្មើនឹង៥៩៤,៣ គីឡូក្រាម យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោលនាពេលខាងមុខ។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ចុះអង្កេតទំនិញនៅផ្សារទាំងពីរខាងលើ ក៏បានណែនាំនិង ផ្សព្វផ្សាយផ្ទាំងរូបភាព ដល់បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សផងដែរ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕