(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធាអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំបណ្ដាញ ក្រុមការងារ សមាគមនារីខណ្ឌ ដើម្បីចុះទៅសំណេះសំណាល ក៏ដូចជាសួរសុខទុក្ខ និងឆ្លៀតពាំនាំយកនូវថវិកាជាង១លានរៀល និងអាវមួយចំនួន ដែលជាថវិកាផ្ទាល់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដើម្បីផ្ដល់នូវវប្បធម៌ចែករំលែក ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងការស្ថាបនាកែលម្អ និងលើកកម្ពស់សោភ័ណ្ឌភាព នៃវិទ្យាល័យចម្រើនជាតិ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីមនុស្សធម៌ខាងលើនេះ ប្រធាអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា បានលើកឡើងថា ក្រោយទទួល បានសំណើរភ្លាមៗ ដើម្បីក្រាលជាការ៉ូឡា ក្នុងបរិវេណសាលា និងជួយលើកកម្ពស់ និងកែលម្អសោភ័ណ្ឌភាព នៃវិទ្យាល័យចម្រើនជាតិ ពីលោកនាយក ក៏ដូចជា៖ លោកគ្រូ អ្នកគ្រូ និងដោយមានការយកចិត្តទុកដាក់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូនមកសមាគមនារី ដើម្បីនាំយកថវិកាផ្ទាល់ជាង១លានរៀលមកផ្ដល់ជូន ដោយក្នុងនោះ ក៏បានផ្ដល់ជូនទាំងលោកនាយក លោកគ្រូ អ្នកគ្រូ ប្រមាណ១៤នាក់ ដោយក្នុងម្នាក់ៗ២ម៉ឺនរៀលស្មើៗគ្នាផងដែរ រួមជាអាវម្នាក់១។
លើសពីនេះលោកស្រី អាន ផល្លា បានផ្ដាំផ្ញើ ចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ នៃសាលាវិទ្យាល័យចម្រើនជាតិថា ប្រសិនបើមានទុក្ខកង្វល់ ឫជួបបញ្ហាការខ្វះខាតផ្សេងៗ ក្នុងជីវភាពរស់នៅ អាចទំនាក់ទំនងមកលោកស្រីភ្លាមៗបាន ដើម្បីមានវិធានការរិះរកដំណោះស្រាយ ជូនឲ្យទាន់ពេលវេលា ពិសេសលោកស្រីមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រាកដជាទទួលបានជ័យជំនេះបន្តទៀត យ៉ាងពិតប្រាកដ នៅថ្ងៃបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខមិនខាន៕