Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យទីតាំងចំណតរថយន្តច្បារអំពៅ ដើម្បីសិក្សាគម្រោងរៀបចំ ចំណតតាក់ស៊ី ឲ្យមានសណ្ដាប់ល្អ កុំឲ្យកកស្ទះចរាចរណ៍

22-08-2017 13:10

(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងរាជធានី អមដំណើរដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យបេនឡានមុខផ្សារច្បារអំពៅ ដើម្បីសិក្សាគម្រោងរៀបចំចំណតរថយន្តតាក់ស៊ី ឲ្យមានសណ្ដាប់ល្អកុំឲ្យមានការកកស្ទះចរាចរណ៍ និងចូលផ្សារ សំណេះសំណាលជាមួយអាជីវករលក់ដូរផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ មានកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការបន្តកិច្ចសន្យាវិនិយោគ ទីតាំងចំណតរថយន្តឈ្នួល ផ្សារច្បារអំពៅ របស់លោក ហ៊ុន វ៉ាន់ធី ដែលទទួលម៉ៅចំណតរាប់សិបឆ្នាំមក ដែលមហាជនបានមើលឃើញថា ទីតាំងរថយន្តឈ្នួលច្បារអំពៅនេះ បានក្លាយជាកន្លែងលក់ត្រី ពោរពេញដោយទឹកភក់ជ្រាំ ក្លិនស្អិយឆ្អេះឆ្អាប រាប់ឆ្នាំមកហើយ។

ក្នុងកិច្ចប្រជុំនោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់ថៅកែចំណតធ្វើការកែលំអរ ដោយរៀបចំចាក់បេតុងឡើងវិញឲ្យមានបរិស្ថាន អនាម័យល្អ មានកន្លែងអង្គុយរង់ចាំមានបន្ទប់ទឹកស្អាត ប្រព័ន្ធលូ..។

ក្នុងនោះដែរលោកអភិបាលខណ្ឌ គ្រោងកោះអញ្ជើញភាគីពាក់ព័ន្ធ រួមមាន៖ អ្នកម៉ៅការចំណត និងម្ចាស់រថយន្តឈ្នួលទាំងអស់ ដើម្បីពិភាក្សាឲ្យរថយន្តចូលចតក្នុងបេន និងអំពីតម្លៃឈ្នួលឡើងវិញ។ ជាមួយគ្នានេះលោក ហ៊ុន វ៉ាន់ធី ថៅកែចំណត ដែលទទួលបានបន្តកិច្ចសន្យាម៉ៅការបេនច្បារអំពៅនោះ បានសន្យានៅចំពោះមុខអង្គប្រជុំថា នឹងធ្វើតាមការសំណូមពររបស់គណៈកម្មការទាំង៩ចំណុច៕