(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងមួយចំនួនដែលចោទថា អាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុនអភិវឌ្ឍន៍ OCIC បានដាក់កម្លាំង និងគ្រឿងចក្រ ឈូសឆាយរបងផ្ទះពលរដ្ឋ នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែសីហាម្សិលមិញ យ៉ាងអយុត្តិធម៌ ដោយមិនបានជូនដំណឹងជាមុន យ៉ាងអយុត្តិធម៌នោះ, អាជ្ញាធរខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២២ ខែសីហានេះ បានចេញមកទាត់ចោលទាំងស្រុងការលើកឡើងនេះ និងបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរបានជូនដំណឹងម្ចាស់ដី ដែលសង់របងរំលោភគម្រោងអភិវឌ្ឍន៍ ច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែម្ចាស់ដីរឹងរួស មិនព្រមធ្វើអនុវត្តន៍តាមការសន្យាឡើយ។ (មានសេចក្តីជូនដំណឹង)
អាជ្ញាធរខណ្ឌជ្រោយចង្វារបញ្ជាក់ថា ម្ចាស់ដីដែលស្រែក អយុត្តិធម៌នេះ គឺបានលួចសង់របងថ្មលើដី របស់គម្រោងអភិវឌ្ឍន៍ទាំងខ្លួនបានដឹងថា អាជ្ញាធរបានហាមឃាត់ក៏ដោយ និងបានចុះហត្ថលេខា ទទួលស្គាល់ជាមួយអាជ្ញាធររួចហើយក្តី។ ការឈូសឆាយនេះ គឺដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរៀបចំប្រព័ន្ធលូ ការពារការទឹកលិចលង់ ផ្ទះរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរបានឲ្យដឹងថា ខ្លួនធ្លាប់បានជម្រាបជូនដំណឹងជាច្រើនលើក ដល់ពលរដ្ឋដែលមានទីតាំងក្បាលដី និងសំណង់ផ្សេងៗ ពាក់ព័ន្ធនឹងគម្រោងផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្រារ អំពីការអុវត្តន៍ការឈូសឆាយ ស្ថាបនាផ្លូវ១០០ម៉ែត្រពីអ័ក្រផ្លូវជាតិលេខ៦នេះ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តរុះរើសំណង់ផ្សេងៗរបស់ខ្លួន ចេញពីគម្រោងផ្លូវនេះ ដោយប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមសហការយ៉ាងល្អ ប៉ុន្តែមានចំនួនតូចប៉ុណ្ណោះ មិនព្រមអនុវត្តន៍។
សូមជម្រាបថា អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងដោយលោក ហ៊ុយ សារ៉ុន អភិបាលរងខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២១ ខែសីហា ចុះរុះរើរបងផ្ទះពលរដ្ឋនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ដែលអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋបានសង់របងលើដីគម្រោងអភិវឌ្ឍន៍។
ក្រៅពីចុះរុះរើរបង របស់ប្រជាពលរដ្ឋហើយនោះ អាជ្ញាធរក៏បានប្រើប្រាស់គ្រឿងចក្រ ចាក់ដី ដើម្បីពន្លឿនការស្ថាបនាផ្លូវ១០០ម៉ែត្រពីអ័ក្រផ្លូវជាតិលេខ៦ ងាយស្រួលរៀបចំប្រព័ន្ធលូបង្ហូរទឹក ការពារការលិចលង់ពេលមានភ្លៀងធ្លាក់។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដែលរងនូវការឈូសឆាយនេះ នាំគ្នាស្រែកតវ៉ា ស្រែងអយុត្តិធម៌ សុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយ និងអះអាងថាការចុះឈូសឆាយនេះ មិនបានជូនដំណឹងជាមុនឡើយទៅវិញ។
សូមជម្រាបថា បន្ទាប់ពីទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងរណបជ្រោយចង្វារ ពីសាលារាជធានីភ្នំពេញ នៅឆ្នាំ២០១១រួចមក គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើបមួយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋបញ្ចប់ស្ទើរទាំងស្រុង។
បច្ចុប្បន្នក្រុមហ៊ុន បាននឹងកំពុងខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដែលបង្ហាញពីភាពខុសប្លែក និងអភិវឌ្ឍន៍នៅតំបន់ដ៏មានសក្តានុពលមួយនេះ ជាមួយការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ និងធានាអះអាងថា ប្រជាពលរដ្ឋតំបន់នេះ មិនរងទឹកភ្នែកដោយសារគម្រោងអភិវឌ្ឍន៍នេះឡើយ ផ្ទុយទៅវិញប្រជាពលរដ្ឋតំបន់នេះ មានតែទទួលបានផលប្រយោជន៍ខ្លាំងពីការអភិវឌ្ឍន៍នេះ៕