(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook ក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្ដិចបានអះអាងថា ដំណើរការសំណេរសម្រាប់ថ្ងៃទី២ បានបន្តប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនបានគោរពបទប្បញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ក្រសួងបន្ថែមថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១០១,៤១០នាក់ ស្រី ៥០,០៤៩ នាក់ អវត្តមានសរុបចំនួន១,៥៤៩នាក់ (កើន៥៧នាក់) ស្រី៥៦៦នាក់ (កើន១១នាក់)។
បេក្ខជនប្រព្រឹត្តកំហុសឆ្គង ត្រូវបានរៀបចំកំណត់ហេតុពិសេសចំនួន០៣ករណី បេក្ខជនស្វ័យរិនប្រឡងជំនួសចំនួន ០១ករណី និងបេក្ខជនប្រឡងលួចចម្លងសំណៅឯកសារចំនួន០២ករណី និងករណីបុគ្គលិកអប់រំប្រព្រឹត្តកំហុសឆ្គង ០៤ករណី។
ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពចំនួន ៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន០៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យមកបន្តការប្រឡងបាន ក្នុងនោះអនុរក្សមានបញ្ហាសុខភាព ចំនួន២ករណីផងដែរ។
ចំពោះស្ថានភាពអាកាសធាតុ នាព្រឹកថ្ងៃទី២ នៅតាមមណ្ឌលមួយនៅខេត្តក្រចេះ ខេត្តព្រះសីហនុ និងខេត្តរតនគិរីមានភ្លៀងធ្លាក់ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។
សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕