(បាត់ដំបង)៖ គ្រោះថ្នាក់អគ្គិភ័យមួយ បានលេបត្របាក់ឆេះផ្ទះគ្រូបង្រៀនពីរនាក់ ប្តី-ប្រពន្ធ ខ្ទេចគ្មានសល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ជាប់បំពេញភារកិច្ចទៅធ្វើជាអនុរ័ក្សចំនួន២ថ្ងៃ នៅទីរួមខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ករណីនេះកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យលេបត្របាក់គ្មានសល់នេះ ជាកម្មសិទ្ធិរបស់គ្រូបង្រៀនពីរនាក់ ជាប្តី-ប្រពន្ធ ហើយមូលហេតុបឋម សមត្ថកិច្ចសង្ស័យឆ្លងចរន្តអគ្គិសនី។
ករណីគ្រោះអគ្គិភ័យនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ តែគួរឲ្យសោកស្តាយបំផុតនោះទ្រព្យសម្បតិ្តនៅក្នុងផ្ទះទាំងប៉ុន្មាន ត្រូវខូតខាតទាំងអស់គ្មានសល់។ សុភាសិតខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ» ពាក្យនេះមានន័យខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមមេត្តាប្រុងប្រយ័ត្ន។ មុនពេលចាកចេញទីផ្ទះ ត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រោយ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ណាមួយដូចករណីនេះ។
ទំហំនៃកាខូចខាតមិនទាន់គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ រង់ចាំម្ចាស់ផ្ទះត្រឡប់មកវិញ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ពីទំហំ នៃការខូចខាតនេះ៕