(ក្រចេះ)៖ គណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសជលផល ដែលជនខិលខូចមួយចំនួន លួចធ្វើនេសាទខុសច្បាប់ នៅក្នុងបឹងជាច្រើនកន្លែង ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ រហូតដល់ព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងរ៉ៃ ភូមិស្រឡៅដំណាក់ ភូមិឬស្សីកែវ ភូមិចំបក់ ស្ថិតក្នុងឃុំឬស្សីកែវ និងឃុំចំបក់ ស្រុកព្រែកប្រសព្វ។
លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែកជលផលព្រែកប្រសព្វ បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក កែម ហៀង អភិបាលរងស្រុក ហើយការចុះបង្ក្រាបបទល្មើស នេសាទនោះ កម្លាំងចូលរួមសហការជាមួយខណ្ឌរដ្ឋបាលខេត្តក្រចេះ គណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ផ្នែកជលផលព្រែកប្រសព្វ នគរបាលប៉ុស្ដិ៍រដ្ឋបាលរចំបក ប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងសហគមន៍នេសាទឬស្សីកែវ។
លោកនាយផ្នែកបន្ដទៀតថា កម្លាំងបានដកហូតវត្ថុតាងនៅថ្ងៃ២០ ខែសីហា បានរួមមាន៖ លូស្បៃមុងចំនួន៣១មាត់លូ, របាំងស្បៃមុងចំនួន២៦ខ្សែប្រវែង២៧០០ម៉ែត្រ, បង្គោលឬស្សីឃ្លៃចំនួន១៣០បង្គោល, របាំងសាច់អួនក្រឡាញឹកចំនួន៣៨ខ្សែប្រវែង៣៥០០មែត្រ, លបសាច់អួនក្រឡាញឹកចំនួន៤០គ្រឿង និងចាក់លែងកូនត្រី ចូលទៅក្នុងបឹងធម្មជាតិវិញចំនួន១៧០គីឡូក្រាម។
ថ្ងៃទី២១ ខែសីហា កម្លាំងបានរឹបអូសរបាំងស្បៃមុងចំនួន១ខ្សែប្រវែង១០០មែត្រ, របាំងព្រួលសាច់អួនក្រឡាញឹកចំនួន៣ខ្សែប្រវែង២៥០ម, លូស្បៃមុងចំនួន១មាត់លូ , លបសាច់អួនក្រឡាញឹកចំនួន៣គ្រឿង, បង្គោលឬស្សីចំនួនកៅដើម, ឧបករណ៍ចក់ត្រី (ភ្នែក១០គ្រាប់) ចំនួន១គ្រឿង និងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន១៨គក្រ និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅកន្លែង។
ជាមួយគ្នានេះដែរលោក គែម ហៀង បានអំពាវនាវដល់ពលរដ្ឋ អ្នកនេសាទទាំងអស់ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ កាលណាយើងប្រីឧបករណ៍នេសាទខុសច្បាប់ បើសិនសមត្ថកិច្ចជំនាញ ឬអាជ្ញាធរចាប់ខ្លួនបាន នឹងផ្ដន្ទាទោសដាក់ពន្ធធនាគាតាមច្បាប់ជលផល។ លោកចង់ឲ្យប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសពលរដ្ឋរស់នៅតាមមូលដ្ឋាន ចូលទាំងអស់គ្នា ដើម្បីផ្ដល់ព័ត៌មាន ក៏ដូចជា ទប់ស្កាត់ដើម្បីបង្ក្រាបបទល្មើសជលផល ដើម្បីការពារធនធានជលផល ដែលមានក្នុងបឹងធម្មជាតិនោះ ឲ្យសម្បូរពីមួយថ្ងៃទៅមួយថ្ងៃ កុំឲ្យវិនាសផុតពូជ ព្រោះជាតម្រូវការចាំបាច់របស់ពលរដ្ឋទូទាំងប្រទេស៕