(ភ្នំពេញ)៖ នៅប៉ុន្មានសបា្តហ៍ចុងក្រោយនេះ វាំងននខ្មៅនៅពីក្រោយអង្គការ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ជាពិសេសវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងស្ថាប័នកាសែត The Cambodia Daily ត្រូវបានវាយឱ្យរបើកហើយផែនការនិងសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើម បំផុតមួយចំនួនត្រូវបានបង្ហាញ ធ្វើឱ្យសាធារណជនមើលឃើញថា អង្គការអន្តរជាតិ និងវិទ្យុរបស់ប្រទេសស៊ីវិល័យដែលអួតខ្លួនថា ជាបិតាប្រជាធិបតេយ្យដើរ បង្រៀនគេឯង រហូតដល់បក្សប្រឆាំងនៅកម្ពុជាចាត់ទុកថា ជាជើងឯកផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកំពុងជួយបក្សខ្លួនយ៉ាងសកម្មនោះ គឺជាស្ថាប័នដែលកំពុងតែរំលោភបំពានច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។
បំពានច្បាប់ព្រោះ អង្គការ NDI របស់សហរដ្ឋអាមេរិកនៅកម្ពុជាបាននិងកំពុងធ្វើសកម្មភាព ដោយគ្មានច្បាប់អនុញ្ញាត ចំណែក វិទ្យុ VOA និង RFA បើកការិយាល័យរបស់ខ្លួនដោយគ្មានការអនុញ្ញាត និងប្រតិបត្តិការដោយមិនបានបង់ពន្ធតាមកាតព្វកិច្ចកំណត់ក្នុងច្បាប់ពន្ធដារកម្ពុជា។ ចំណែកកាសែត The Cambodia Daily គ្រប់គ្រងដោយជនជាតិអាមេរិកប្រតិបត្តិការរបស់ខ្លួន បន្លំជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ហើយគេចមិនបង់ពន្ធ តាមច្បាប់កម្ពុជា។
តាមប្រភពព័ត៌មាន អង្គការ សមាគមប្រមាណ១០០ទៀតក្នុងចំណោមអង្គការសមាគមជាច្រើនពាន់ ដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា មិនបានបង់ពន្ធតាមច្បាប់កំណត់ឡើយ ហើយនឹងត្រូវប្រឈមមុខ ជាមួយការអនុវត្តច្បាប់ជាបន្តបន្ទាប់ទៀត។ តើការអនុវត្តច្បាប់ទៅលើអង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយទាំងនេះគឺជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពរបស់ពួកគេ និងបក្សប្រឆាំងឬយ៉ាងណា?
១៖ កម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ដោយសារតែកម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងគោរពច្បាប់ជាតិ និងអន្តរជាតិ បើកទូលាយយ៉ាងដូច្នេះហើយ បានជាចាប់តាំងពីមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ អង្គការសមាគមជាច្រើនពាន់ត្រូវបានបង្កើតឡើង ខ្លះមានច្បាប់ និងខ្លះទៀតមកប្រតិបត្តិការ ការងាររបស់ខ្លួនដោយមិនគោរពច្បាប់ កម្ពុជាក្រោមលេសនេះលេសនោះ។
កម្ពុជាក៏ត្រូវបានគេមើលឃើញថា ជាឋានសួគ៌របស់អង្គការសមាគមជាតិ និងអន្តរជាតិដែលខ្លះបង្កើតឡើងដើម្បីគ្រាន់តែទទួលថវិកាពីប្រទេសម្ចាស់ជំនួយ ដែលផ្តល់ជូនពលរដ្ឋខ្មែរ ប៉ុន្តែពួកគេខ្លះបានយកដាក់ហោប៉ៅខ្លួនឯង ឬអនុវត្តគម្រោងបន្តិចបន្តួច បំប៉ោងទិន្នន័យចំណាយ ដើម្បីបន្លំភ្នែកម្ចាស់ជំនួយខ្លួន។ អង្គការខ្លះដឹកនាំបែបបគ្រួសារនិយម ហើយការជួលផ្ទះសម្រាប់ធ្វើទីស្នាក់ការ និងរថយន្តសម្រាប់ធ្វើដំណើរជួលពីប្រធានអង្គការ ឬសមាគមផ្ទាល់តែម្តង ដើម្បីកុំឱ្យបែកទឹកលុយជំនួយ។ អង្គការសមាគម ប្រព័ន្ធផ្សព្វផ្សាយខ្លះត្រូវបានប្រើប្រាស់ជាចារកម្ម និងជាកម្លាំងចលករមួយក្នុងការប្រឆាំងនឹងអាជ្ញាធរ រាជរដ្ឋាភិបាល ឬជាចលករនៃបដិវត្តន៍ពណ៌តាមរយៈការធ្វើសកម្មភាពជួយពង្រឹង និងរៀបចំយុទ្ធសាស្ត្រដល់គណបក្សនយោបាយដើម្បីផ្តួលរំលំគណបក្ស ផ្សេងមួយទៀតដែលប្រទេសម្ចាស់ជំនួយមិនពេញចិត្ត ព្រមទាំង បំផុសបំផុលយុវជនឱ្យបះបោរ ឬបង្កចលាចលដើម្បីពួកគេងាយស្រួលក្នុងការលូកដៃកកូរកកាយ កិច្ចការផ្ទៃក្នុងនៃប្រទេសនោះស្របតាមគោលនយោបាយរបស់ម្ចាស់ជំនួយខ្លួន ពោលគឺដើរតួជាអ្នកបំផ្លាញផង និងជាអ្នកសង្គ្រោះផង។
២៖ ឥឡូវនេះដល់ពេលដែលកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អនុវត្តច្បាប់របស់ខ្លួនក្នុងនាមជាប្រទេសប្រជាធិបេតយ្យដែលមាននីតិរដ្ឋ។ កម្ពុជាមិនអាចអនុវត្តប្រជាធិតេយ្យដោយគ្មាននីតិរដ្ឋឡើយ ហើយក៏មិនអាចបន្តបិទភ្នែកយោគយល់ដល់អង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនយកទឹកដីកម្ពុជាមកធ្វើអាជីវកម្មដោយមិនគោរពច្បាប់ និងប្រើប្រាស់ជាទីតាំងដើម្បី បម្រើមហិច្ឆតានយោបាយប្រទេសខ្លួនដោយបង្កបញ្ហា ឬជ្រៀតជ្រែកលើកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជាឡើយ។ កម្ពុជាមានច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងកំពុងចូលជាធរមានដូច្នេះគ្រប់ភាគីទាំងអស់ត្រូវមានកាតព្វកិច្ច គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ករណីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរកឃើញថា ប្រតិបត្តិការងារនៅកម្ពុជា រយៈពេល ២៥ឆ្នាំមិនទាន់សុំច្បាប់ និងចុះអនុស្សរណៈជាមួយក្រសួងការបរទេសកម្ពុជា ក៏ដូចជាមិនទាន់បានចុះបញ្ជីពន្ធដា កំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការជួយ គណបក្សសង្គ្រោះជាតិ រៀបចំយុទ្ធសាស្ត្រផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដោយប្រកាសថាឈ្នះឆ្នោតតាំងពីឥឡូវទៅ និងក្រោយការប្រកាសលទ្ធផលបោះឆ្នោត បើទោះបីជាគណបក្សសង្គ្រោះជាតិចាញ់ឆ្នោត ក៏ត្រូវប្រកាសថាឈ្នះឆ្នោត ហើយទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាថាជាអ្នកលួចបន្លំ ក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋអ្នកគាំទ្រ ចុះតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងងាយស្រួលបំផ្ទុះអំពើហិង្សា បង្កអសន្តិសុខ និងឈានដល់ការផ្លាស់ប្តូររបប ឬមេដឹកនាំប្រទេស ស្របតាមគម្រោងផែនការបដិវត្តន៍ពណ៌។
គម្រោងការនេះ ពួកគេអនុវត្តបានជោគជ័យតាំងពីឆ្នាំ១៩៨៣មក ហើយប៉ុន្មានឆ្នាំចុងក្រោយជោគជ័យក្នុងការផ្លាស់ប្តូររបបដឹកនាំនៅស៊ីរី លីប៊ីជាដើម។ តើកម្ពុជាគួរបន្តទុកអង្គការសមាគមដែលមិនគោរពច្បាប់កម្ពុជាទៀត ឬយ៉ាងណា?
៣៖ មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចែងថា «អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ឬអង្គភាពមិនមែនរដ្ឋាភិបាលបរទេសណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សរណៈដោយក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែមទាក់ទង នឹងការបណ្តេញចេញស្របច្បាប់តាមច្បាប់អន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។
តាមរយៈមាត្រានេះ រាជរដ្ឋាភិបាលគួរចាត់វិធានការតឹងរឹងចំពោះអង្គការសមាគម ប្រព័ន្ឋផ្សព្វផ្សាយទាំងឡាយដែលមិនគោរពច្បាប់កម្ពុជាក្នុងនោះមានទាំង NDI The Cambodia Daily VOA និង RFA ព្រោះថា ពួកគេមិនអាចបន្តធ្វើអាជីវកម្ម ឬធ្វើសកម្មភាពសមគំនិតជាមួយគណបក្សប្រឆាំងក្រោមស្លាកអង្គការ ក្រៅរដ្ឋាភិបាល ឬអង្គការមនុស្សធម៌ដើម្បីបង្កភាពវឹកវរបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជា បាននិងកំពុងទទួលផល។
៤៖ គាំទ្រចំណាត់ការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពច្បាប់កម្ពុជា។ ពីមុនពួកគេអាចធ្វើអ្វីស្រេចតែអំពើចិត្ត ប៉ុន្តែពេលនេះកម្ពុជាចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ ក្នុងនាម ជាប្រទេសនីតិរដ្ឋ។ បើ NDI មិនគោរពច្បាប់កម្ពុជា និងអនុវត្តផែនការទុច្ចរិតមកលើកម្ពុជា តើអង្គការនេះគួរមានវត្តមានបន្តទៀត នៅលើទឹកដីកម្ពុជាទេ? ចុះបើប្រព័ន្ធផ្សព្វផ្សាយដែលគោរពច្បាប់កម្ពុជា និងត្រូវបានប្រើប្រាស់ដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តស្ថានការណ៍ពិតធ្វើសកម្មភាពជាប្រព័ន្ធ ដើម្បីសម្រេចគោលដៅបដិវត្តន៍ តើគួរបន្តមានវត្តមាននៅកម្ពុជាទៀតទេ?
កម្ពុជាមិនចង់បានអ្វីក្រៅពីការគោរពច្បាប់ឡើយ។ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ កម្ពុជាមានការបើកទូលាយខ្លាំងលើវត្តមាន របស់អង្គការសមាគម ខណៈវៀតណាម ឡាវ ថៃ សង្គមស៊ីវិលត្រូវបានរឹតត្បិត ហើយនៅភូមា ពលរដ្ឋកំពុងលើកបដាបណ្តេញស្ថាប័នអន្តរជាតិ និងអង្គការអន្តរជាតិចេញពីស្រុករបស់គេដោយចោទថាបានគាំទ្រអ្នកធ្វើភេរវកម្ម។ ចំណែកនៅប្រទេសចិន រុស្សី អង្គការសមាគមបរទេសស្ទើរតែគ្មាន ហើយប្រទេសខ្លះបានបណ្តេញអង្គការ និងជនបរទេសដែលគេសង្ស័យថាជាគិញសម្ងាត់ ចេញពីទឹកដីរបស់ពួកគេ។
កម្ពុជាក្នុងនាមជាប្រទេសអធិបតេយ្យមួយមានសិទ្ធិពេញលេញ ក្នុងការសម្រេចជោគវាសនាជាតិខ្លួន ដោយបដិសេធដាច់ខាតចំពោះការជ្រៀតជ្រែកលើ កិច្ចការផ្ទៃក្នុងកម្ពុជា និងមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជារបស់អង្គការសង្គមស៊ីវិល បក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលតែងចិញ្ចឹមចេតនាទុច្ចរិតរបស់ខ្លួន ជាយូរមកហើយនោះ។ កម្ពុជាជាប្រទេស ប្រជាធិបតេយ្យដែលមាននីតិរដ្ឋគ្រប់ភាគីពាក់ព័ន្ធត្រូវគោរពច្បាប់របស់ម្ចាស់ ប្រទេសជាដាច់ខាត។ ដូច្នេះអង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កុំធ្វើដូចជាគីង្គក់លក់ថ្នាំស្រែង!
ដោយ៖ ចៅចាក់ស្មុក