(កូឡាឡាំពួរ)៖ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជាបន្ថែមមេដាយសំរឹទ្ធ ២គ្រឿងបន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីកីឡាករប៉េតង់ សុខ ចាន់មាន ចាញ់កីឡាករម្ចាស់ផ្ទះដោយលទ្ធផល ១០ទល់នឹង ១៣ ស្របពេលកីឡាការិនីប៉េតង់ អ៊ុន ស្រីយ៉ា ចាញ់កីឡាការិនីវៀតណាមដោយលទ្ធផល ៥ ទល់នឹង ១៣ ដែលទើបបញ្ចប់មុននេះ នេះបើយោងតាម Facebook Page របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ (វគ្គ៤នាក់ចុងក្រោយ) មានន័យថា ទាំង សុខ ចាន់មាន និង អ៊ុន ស្រីយ៉ា បានត្រឹមឈ្នះមេដាយសំរឹទ្ធប៉ុណ្ណោះ។

គិតត្រឹមថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧ នេះ ក្រុមអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប៥គ្រឿងហើយ សុទ្ធសឹងតែមេដាយសំរឹទ្ធលើ៣ប្រភេទកីឡារួមមាន កីឡាសីឈីនឡូន កីឡាជិះសេះ និងកីឡាប៉េតង់ ក្នុងចំណោម ២៤ ប្រភេទកីឡាដែល NOCC សម្រេចបញ្ជូនទៅចូលរួមក្នុងយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី២៩ នៅប្រទេសម៉ាឡេស៊ីលើកនេះ៕