(ភ្នំពេញ)៖ កម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានី និងកម្លាំងមូលដ្ឋាន បន្ដឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ និងទៅទទួលយកជនជាតិចិន៣៣នាក់ ដែលកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ក្រាបបានកន្លងទៅ ដែលចូលមកស្នាក់នៅ និងធ្វើការដោយគ្មានការអនុញ្ញាត។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមការសម្របសម្រូលពី ព្រះរាជអាជ្ញារង លោក សៀង សុខ។

ចំពោះប្រតិបត្តិការឃាត់ខ្លួន ជនជាតិវៀតណាម២២នាក់ នៅហាងកាហ្វេ​ ផ្លូវមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលបានប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់។

ដោយឡែកនៅព្រឹកនេះដែរ កម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានទទួលជនបរទេស​​៣៣នាក់ ស្រី​០៣នាក់ ជាជនជាតិចិន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានធ្វើការឃាត់ខ្លួន ដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ពីបទល្មើស លួចស្នាក់នៅគ្មានលិខិតដែន នៅចំណុចអាគារខុនដូ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។​

ប្រធាននាយកដ្ឋានអះអាងថា ក្រោយប្រតិបត្តិការជនជាតិបរទេសទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕