(ភ្នំពេញ)៖ ក្រោយទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមានការសម្របសម្រួលពី​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៉ិន វិរៈ អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា បានប្រកាសបិទទីតាំងបើកសេវាទទួលបញ្ចាំមួយកន្លែងជាបណ្ដោះអាសន្នទៀតហើយ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចុះធ្វើការត្រួតពិនិត្យ ដោយសង្ស័យពុំមានលិខិតអនុញ្ញាត «ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ» តែបានរកឃើញ និងដកហូតម៉ូតូចំនួន៧គ្រឿង មករក្សាទុក ព្រោះមិនមានឯកសារត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ប្រតិបត្តិការត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ ទៅលើទីតាំងហាងបើកទទួលបញ្ចាំ រហូតឈានដល់ការបិទអាជីវកម្មចោលខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ៦១២AEo យីហោ ហ្វ្រេន២៣ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក  ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមបទបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលដាក់ផែនការតាមបណ្ដាខណ្ឌទាំង១២ ក្នុងការចុះឆែកឆេរ និងត្រួតពិនិត្យតាមឃ្លាំង ហាងបញ្ចាំម៉ូតូ និងរថយន្តនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើសផ្សេងៗ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ទៀតថា ជាក់ស្ដែង កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ បានប្រតិបត្តិការត្រួតពិនិត្យទៅលើហាងបើកសេវាទទួលបញ្ចាំយីហោ «ហ្វ្រេន២៣» ដោយមានម្ចាស់ឈ្មោះ សុង ឃួន សង្ស័យពុំមានលិខិតអនុញ្ញាត «ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ» ខាងលើនេះ បានរកឃើញមានលិខិតអនុញ្ញាតលេខ ១៨២១/១៧ លអ.អ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានអាជ្ញាប័ណ្ណអាជីវកម្មរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ប៉ុន្តែខុសទីតាំងអាជីវកម្ម និងបានទទួលបញ្ចាំម៉ូតូចំនួន១០គ្រឿង ក្នុងនោះមាន​ឯកសារត្រឹមត្រូវតែ៣គ្រឿងប៉ុណ្ណោះ និងម៉ូតូ៧គ្រឿងទៀត ពុំមានឯកសារពាក់ព័ន្ធឡើយ ទើបសម្រេចដកហូត​យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក ដើម្បីរងចាំឲ្យម្ចាស់ទីតាំងស្រាវជ្រាវ​រកឯកសារមក​ផ្ទៀងផ្ទាត់ម៉ូតូឲ្យបានត្រឹមត្រូវ និងប្រគល់ជូនវិញ ព្រមទាំងប្រកាសផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ បើក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំនោះទេ គណៈបញ្ជាការឯកភាពខណ្ឌ នឹងចាត់វិធានការបិទ​អាជីវកម្មជាស្ថាពរតែម្ដង រួមនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់​ការតាមនីតិវិធីច្បាប់ជាធរមាន៕