(ព្រះសីហនុ)៖ កម្លាំងផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសជាក់ស្ដែង ដែលជាករណីឆបោក និងលួចលាក់បើកល្បែងស៊ីសង់តាមប្រព័ន្ធ Internet នៅចំណុចផ្ទះជួលក្នុងក្រុម៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក លឹម ប៊ុនហេង។
ក្នុងនោះកម្លាំងនគរបាលជំនាញ បានឃាត់បានជនជាតិចិនម្នាក់ ឈ្មោះ Wang Chao រីឯ៥នាក់ ទៀតបានរត់គេចខ្លួន មុនពេលសមត្ថកិច្ច និងដកហូតបាន កុំព្យូទ័រ Laptop ចំនួន៣គ្រឿង, រថយន្ត Lexus RX300 ២គ្រឿង ដោយមួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2R-4774 និងមួយគ្រឿងទៀត ពណ៌ទឹកមាស ស្លាកលេខ2W-6115 ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើសទៅសាលាដំបូង និងស្រាវជ្រាវបន្ថែមរកបក្សពួករបស់ជនល្មើសបន្ថែមទៀត៕