(ពោធិ៍សាត់)៖ អូរសោម ជាតំបន់មួយពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងដំណាំកសិកម្មដ៏សម្បូរបែប តែដោយសារផ្លូវទៅកាន់តំបន់នេះមានសភាពលំបាកខ្លាំង បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ការទាក់ទាញភ្ញៀវទេសចរ និង ដឹកជញ្ជូនកសិផលដែលប្រជាពលរដ្ឋដាំដុះបាន។

សប្តាហ៍កន្លងទៅនេះកម្មវិធី «មែកសឺដែស និង កំណប់អាថ៌កំបាំង» បានពុះពារ និងឆ្លងកាត់លើផ្លូវដ៏វែងឆ្ងាយ ព្រមទាំងផ្លូវដ៏សែនលំបាកឆ្ពោះទៅកាន់តំបន់អូរសោម ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ អូរសោម គឺជាទឹកដីមួយ ស្ថិតនៅលើខ្នងភ្នំសំគុសកម្ពស់ជាង ១ពាន់ម៉ែត្រ។

ដើម្បីទៅដល់អូរសោម គេត្រូវធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ ៥៥ឆ្ពោះទៅទិសខាងលិចជាង ១០០គីឡូម៉ែត្រ ពេលដល់ទីរួមស្រុកវាលវែង ត្រូវបន្តដំណើរប្រមាណ ៦០គីឡូម៉ែត្រទៀត ទើបទៅដល់ទីប្រជុំជនឃុំអូរសោម។

ផ្លូវចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកវាលវែង ផ្លូវមិនជាលំបាកក្នុងការធ្វើដំណើរនោះឡើយ។ ប៉ុន្តែផ្លូវពីទីប្រជុំជនស្រុកវាលវែង ទៅកាន់អូរសោមប្រវែង៦០គីឡូម៉ែត្រនោះ មានស្ថានភាពឡើងចុះភ្នំ កាត់ព្រៃជ្រលងដងអូរ ហើយមានសភាពលំបាកយ៉ាងខ្លាំងណាស់។ ចំណុច ខ្លះរអិលទប់ហ្វ្រាំងរថយន្តសឹងមិនជាប់ ចំណុចឡើងចំណោតខ្លះឡើងមិនចង់រួច ជង្ហុកធំៗលិចកង់ កល់ទ្រូងរថយន្ត ភក់បែកខ្ចាយពេញផ្លូវ ហើយចំណុចខ្លះទៀតត្រូវបង្ខំចិត្តចុះរុញ ឬ អូសទាញទាំងកណ្ដាលភក់។ រីឯស្ពានឆ្លងអូរនោះទៀតសោត ក៏ពុកផុយបាក់បែកទ្រុធទ្រោមថែមទៀតផង។

បើទោះបីឆ្លងកាត់ផ្លូវដ៏លំបាកទាំងយប់ងងឹតយ៉ាងណាក៏ដោយ គ្រាន់តែទៅដល់តំបន់អូរសោមភ្លាមក្រុមការងារ «មែកសឺដែស និងកំណប់ អាថ៌កំបាំង» ហាក់គ្មាននឿយណាយបន្តិចណាសោះឡើយ។ ការមិននឿយហត់ក៏ព្រោះតែអាកាសធាតុនៅអូរសោម មានសភាពត្រជាក់ស្រួលខុសប្លែកពីធម្មតា ពោលគឺលក្ខណៈបែបធម្មជាតិពិតៗ គួបផ្សំនឹងការទទួលទានអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ ដែលផ្សំឡើងពីបន្លែក្រវាញផងនោះ រឹតតែធ្វើឲ្យក្រុមការងាររសាយអស់ក្ដីហត់នឿយទាំងពួង និងទទួលបានថាមពលស្វាហាប់លើសដើម។

លោក នួន លីម ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំអូរសោម និងជាមន្រ្តីទេសចរណ៍មួយរូបនោះ បានឲ្យដឹងថា នៅឃុំអូរសោមនេះ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនសម្បូរបែប មិនចាញ់តំបន់ទេសចរណ៍ផ្សេងទៀតប៉ុន្មាននោះទេ។ តំបន់ទេសចរណ៍ដែលទាក់ទាញមានដូចជាទឹកជ្រោះ ភូមិជនជាតិ ជម្រកសត្វក្រពើភ្នំ និងសត្វមេអំប៉ៅជាដើម។

លើសពីទៀតនៅអូរសោម មានអាកាសធាតុត្រជាក់ស្រួលខ្លួន ដូចទៅនឹងខេត្តមណ្ឌលគិរី ខេត្តរតនគិរីផងដែរ។ លោក នួន លីម បានឲ្យ ដឹងថា នៅពេលយប់អាកាសធាតុនៅអូរសោមត្រជាក់បំផុតប្រហែល ១២ ទៅ ១៣អង្សាសេ ហើយឡើងខ្ពស់បំផុតប្រហែល ១៨ ទៅ ១៩អង្សាសេ គឺល្មមសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងទេសចរ ពិសេសទេសចរអឺរ៉ុប ហើយក៏សមស្របសម្រាប់ដំណាំកសិកម្មផងដែរ។

មិនត្រឹមតែមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍ប៉ុណ្ណោះទេ តំបន់អូរសោម ក៏ជាទឹកដីមានអំណោយផលខ្លាំងបំផុតលើវិស័យកសិ កម្ម ដោយដីនៅទីនោះជាប្រភេទដីក្រហម ដីកំអែលភ្នំភ្លើង ដែលមានជីវជាតិល្អប្រសើរសម្រាប់ដំណាំគ្រប់មុខ។

ចូលទៅក្នុងចំការម្រេច ទុរេន តាង៉ែន បឺរ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១០ហិកតា លោក ពី នី ដែលម្ចាស់ចម្ការផ្លែឈើទាំងនេះ បានឲ្យដឹងថា នៅអូរសោម ដីមានជីវជាតិគ្រប់គ្រាន់ក្នុងការបំប៉នឲ្យដំណាំរបស់ប្រជាពលរដ្ឋ ទទួលបានភោគផលល្អ មិនចាំបាច់ដាក់ជីគី មីជំនួយឡើយ ហើយអថិជនច្រើនណាស់ បានដឹងពីគុណភាពផ្លែឈើធម្មជាតិរបស់លោក ក៏ដូចជាម្ចាស់ចម្ការដទៃ និងទទួលទិញទៅជាបន្តបន្ទាប់ផងដែរ។

ម្ចាស់ចំការរូបនេះ បានឲ្យដឹងថា នៅអូរសោមមានដំណាំកសិកម្មច្រើនណាស់ ហើយសុទ្ធតែធម្មជាតិពិតៗ ដូចជាក្រូចពោធិ៍សាត់ ម្រេច បឺរ ទុរេន ចេក ល្ហុង ត្រាវ ម្នាស់ តាង៉ែន ដំឡូងមី កៅស៊ូជាដើម ដែលដំណាំខ្លះត្រូវបានដឹកទៅលក់ទាន់ពេល ក៏អស់ពីចម្ការទៅ តែដំណាំខ្លះទៀតដឹកមិនទាន់ ហើយគ្មានអ្នកត្រូវការច្រើនទៀត ក៏សល់ជ្រុះចោលពាសពេញចម្ការយ៉ាងច្រើន ដែលបញ្ហាសំខាន់គឺផ្លូវដឹកជញ្ជូនលំបាកតែម្ដង ហើយវែងឆ្ងាយ។

លោក ពី នី បានគូសបញ្ជាក់ថា ទោះជារដូវណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតំបន់អូរសោមនេះ អាចប្រកបរបរចិញ្ចឹមជីវិតបានជាធម្មតា ព្រោះនៅតំបន់នេះមានធនធានធម្មជាតិសម្បូរបែប មានភោគផលសព្វគ្រប់បែបយ៉ាង មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ មានស្រែចម្ការ និងអាចរកប្រាក់ចំណូលបានពីការងារបន្ទាប់បន្សំដទៃទៀត។

ទាំងលោក នួន លីម លោក ពី នី និងប្រជាពលរដ្ឋដែលរស់នៅឃុំអូរសោម បានសម្តែងការរំពឹងថា ប្រសិនបើអូរសោមមានផ្លូវមួយខ្សែដ៏ល្អប្រសើរ នឹងធ្វើសក្តានុពលទេសចរណ៍ និងកសិកម្មកាន់តែល្អប្រសើរ ហើយក៏នឹងលើកស្ទួយជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

សូមជម្រាបថា តំបន់ទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លាតសន្ធឹងក្នុងព្រៃធម្មជាតិលើខ្នងភ្នំសំគុស ស្ថិតតាមជួរភ្នំក្រវាញ ដែលនៅទីនោះមានបងប្អូនជនជាតិដើមភាគតិចជង និងជនជាតិពណ៌ ហើយក៏សម្បូរទៅដោយដើមក្រវាញ និងដង្កោច្រើនជាងតំបន់ផ្សេងទៀតដែរ៕