(កណ្ដាល)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២២ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ​ នៅ​​ផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល។

លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា លោកនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា យុទ្ធនាការនេះមានការចូលរួមគាំទ្រពីបងប្អូន​ប្រជាពលរដ្ឋច្រើនបង្គួរ។ យុទ្ធនាការរៃអង្គាស ថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។

ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕​