(ភ្នំពេញ)៖ ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជា និងតម្រូវការទីផ្សារមានការកើនឡើង ប្រាសាក់ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា បានបង្កើតឱកាសការងារជាច្រើនមុខតំណែង និងជំនាញសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស បើគិតត្រឹមខែសីហាឆ្នាំ២០១៧នេះ ប្រាសាក់មានបុគ្គលិកជាង ៧,០០០នាក់។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានថ្លែងថា ដោយចាត់ទុកខ្លួនជា «និយោជកនៃជម្រើស» ប្រាសាក់ប្រកាន់ខ្ជាប់នូវវប្បធម៌នៃ «ការមិនរើសអើង» និង «បរិយាកាសល្អ» ក្នុងការអនុវត្តការងារ។ ប្រាសាក់ ប្តេជ្ញាបង្កើតកន្លែងការងារដ៏គួរឲ្យចាប់អារម្មណ៍ នៃការជំរុញទឹកចិត្ត ភាពជាអ្នកដឹកនាំ និងឱកាសការងារល្អៗដែលបុគ្គលិកម្នាក់ៗ អាចអភិវឌ្ឍសក្ដានុពលភាពសមត្ថភាពខ្លួនបានពេញលេញ។

លោកបន្ដថា «ប្រាសាក់ ចាត់ទុកបុគ្គលិករបស់ខ្លួនថា ជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ ស្ថាប័ន ហើយយើងបានវិនិយោគធនធានយ៉ាងច្រើន ក្នុងការរៀនសូត្រ និងអភិវឌ្ឍន៍របស់បុគ្គលិក ក្នុងគោលបំណងដើម្បី ផ្តល់ដល់បុគ្គលិករបស់យើង នូវចំណេះដឹង ជំនាញ បទពិសោធន៍ និងភាពរឹងមាំផ្នែកជំនាញវិនិច្ឆ័យ ដើម្បីឲ្យពួកគេអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងអាចឲ្យពួកគេបំពេញបំណង ផ្នែកការងារដោយរីករាយ»

លោកបន្ថែមថា «ដោយបានអនុវត្តបែបនេះ ព្រមជាមួយបច្ចេកវិទ្យាព័ត៌មាន ដែលជួយជំរុញដល់ការគាំទ្រផ្នែកប្រតិបត្ដិការ ដែលធ្វើឲ្យបុគ្គលិករបស់យើង មានទឹកចិត្ត និងចំណេះដឹង ដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់យើង អាចបំពេញតាមតម្រូវការរបស់អតិថិជន និងផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អបំផុត ជូនអតិថិជន ដោយរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ប្រាសាក់តែងតែយកចិត្តទុកដាក់ដល់បុគ្គលិកខ្លួន និងផ្ដល់ឱកាសជានិច្ចពិសេសអ្នកដែលមាន ទេពកោសល្យនិងមានបំណង ចង់ចូលរួមក្នុងក្រុមការងារដ៏សកម្មរបស់យើង។ ប្រាសាក់គឺជាកន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើមអាជីពរបស់អ្នក និងការរីកចម្រើនជាមួយគ្នា»

សូមបញ្ជាក់ផងដែរថា ប្រាសាក់ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែបជាទីគាប់ចិត្តជូនបុគ្គលិកដូចជា៖   

*អត្ថប្រយោជន៍ ផ្នែកហិរញ្ញវត្ថុ៖ ប្រាក់បៀវត្សគោល, ប្រាក់បៀវត្សប្រែប្រួល, ប្រាក់ឧបត្ថម្ភតួនាទី, ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ, ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ, ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ, ប្រាក់ឧបត្ថម្ភព្យាបាលជំងឺ ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ, ប្រាក់ឧបត្ថម្ភប្រេងសាំង, ប្រាក់ឧបត្ថម្ភលំហែមាតុភាព (សម្រាប់បុគ្គលិកស្ត្រី), ប្រាក់បំពេញបេសកកម្មក្រៅទីតាំងការងារ, ដំឡើងប្រាក់បៀវត្ស ផ្អែកតាមលទ្ធផលការងារនិងអត្រាអតិផរណា, ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងប្រាក់ចូលនិវត្តន៍, ធានារ៉ាប់រង២៤ម៉ោង និងប្រាក់កម្ចីបុគ្គលិក។

*អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ៖ ឧបត្ថម្ភឯកសណ្ឋានការងារ, ទទួលបានការបណ្តុះបណ្តាលជាប្រចាំ និងច្បាប់ឈប់សម្រាកប្រចាំឆ្នាំ៕