(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះថា ស្ដ្រីជនជាតិខ្មែរឥស្លាមម្នាក់ ដែលទៅធ្វើការនៅប្រទេសអារ៉ាប់ ហើយបាត់ដំណឹងជាង១២ឆ្នាំនោះ ពេលនេះស្ថានទូតកម្ពុជា នៅរដ្ឋកូវ៉ែត ចេញលិខិតបើកផ្លូវ ដែលមានតម្លៃស្នើនឹងលិខិតឆ្លងដែន នឹងអាចឲ្យស្ដ្រីរូបនេះមកកម្ពុជាវិញបាន។
ការងារនេះត្រូវសម្រេចដោយរលូន ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋកូវ៉ែតតែម្ដង។
លោក អូស្មាន់ ហាស្សាន់ បានអះអាងថា ស្ដ្រីរូបនេះបច្ចុប្បន្ន កំពុងស្នាក់នៅមជ្ឈមណ្ឌលគាំពារកិច្ចការស្រ្តីបម្រើតាមផ្ទះ នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា នាពេលប៉ុន្មានថ្ងៃមុននេះ លោក អូស្មាន់ ហាស្សាន់ បានប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ថា លោកនឹងស្រាវជ្រាវរកស្ដ្រី សុះ សាណាស់ (រ៉ទស់) ហើយនឹងជួយឲ្យស្ដ្រីរូបនេះត្រឡប់មកកម្ពុជាវិញ។
ស្ដ្រី សុះ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា នេះ ទើបទទួលបានដំណឹងរបស់ស្ដ្រីដែលបានបង្ហោះនៅលើ Facebook៕