(ភ្នំពេញ)៖ រឿងរ៉ាវមួយកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ត្រីម្នាក់កំពុងដើរតាមផ្លូវ ត្រូវគេបាញ់ធ្លាយពោះ ព្រោះតែដើមហេតុមកពីជនល្មើស ទៅសម្លុតទារលុយអ្នកដាក់ទូហ្គេម៥ពាន់រៀលមិនបាន ធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះជនរងគ្រោះ។
ត្រឹមតែ៦ថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ជនល្មើសត្រូវបានបង្ក្រាបនិងឃាត់ខ្លួន ដោយកម្លាំងអាវុធហត្ថរាជធានី ភ្នំពេញ សហការណ៍ជាមួយ ស្នងការដ្ឋានយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អាវុធហត្ថខេត្តកំពង់ចាម និងបានបង្ហាញមុខ ជនល្មើសជាសាធារណៈនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ក្រោយពេលចាប់ជនល្មើសបាន មហាជនជាច្រើនមានការត្រេកអរ និងចាប់អារម្មណ៍ សួរពីស្ថានភាពរបស់ជនរងគ្រោះ តើពេលនេះមានការវិវឌ្ឍន៍យ៉ាងដូចម្តេចទៅហើយ ?
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំនាយអាវុធហត្ថក្រោមឱវាទ ចុះទៅដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់ ។
ជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ គ្មានសាច់ញាតិ ឪពុកស្លាប់ដោយរថយន្តបុក ម្តាយស្លាប់ដោយជម្ងឺ HIV មានកូនស្រី ០២នាក់អាយុ០៧ឆ្នាំ និង០៤ឆ្នាំ បានយកទៅរស់នៅជាមួយអង្កការមិត្តសម្លាញ់ រីឯខ្លួនរស់នៅម្នាក់ឯងក្បែរផ្លូវរថភ្លើង ដោយស៊ីឈ្នួលបោកខោអាវឲ្យគេ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យកាល់ម៉ែត ដោយខាងមន្ទីរពេទ្យព្យាបាលមិនគិតសោហ៊ុយ និងជួយ ផ្គត់ផ្គង់អាហារគ្រប់ពេល។ តែដោយរបួសព្រោះគ្រាប់កាំភ្លើង បណ្តាលឲ្យដាច់ពោះវៀនធំលោកគ្រូពេទ្យ បានចោះពោះគាត់ដាក់ទុយោបង្ហូរលាមកមកក្រៅ និងត្រូវរក្សារព្យាបាលប្រហែល៣ ទៅ៦ខែរហូតដល់ជាស្នាមរបួស ខាងក្នុង ទើបធ្វើការវះកាត់ តពោះវៀនធំឡើងវិញ។ ព្រោះតែគ្មានសាច់ញាត ជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យតែម្នាក់ឯង តែបានក្មេងស្រីមើលថែអ្នកជម្ងឺក្បែរគ្នា ជួយយកចិត្តទុកដាក់ចាក់លាមក ជូតសម្អាតខ្លួន បញ្ចុកអាហារដល់គាត់ជារៀងរាល់ថ្ងៃ។
ដោយក្តីអាណិតអាសូរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមការងារ បានរួមគ្នាចែករំលែក ធនធានជួយឧបត្ថម្ភដល់ស្ត្រីរងគ្រោះ ក្នុងនោះរួមមាន ឯកឧត្តម ហេង ឡាលីន ឧបត្ថម្ភ២លានរៀល លោក កែវ ចំរើន ឧបត្ថម្ភ២លានរៀល ហើយជនរងគ្រោះ មានបំណងចង់មានមុខរបរខ្លួនឯងជាអ្នកលក់ទឹកអំពៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាថានឹងបង្កើតមុខរបរនេះឲ្យ នៅពេលណាដែលគាត់ជាសះស្បើយ ដោយឯកឧត្តម នឹងផ្តល់រទេះលក់ទឹក អំពៅស្វ័យប្រវត្តជូនដល់គាត់។ ទន្ទឹមគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអាវ២ សារ៉ុង២ ទឹកសុទ្ធ៤កេស ទឹកផ្លែឈើ៤យួរ ជូនជនរគ្រោះក្នុងឱកាសនោះ និងចែករំលែកថវិកាផ្ទាល់ខ្លួន ជូនដល់អ្នកជម្ងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាលក្នុបន្ទប់ជាមួយគ្នា ជាពិសេសឯកឧត្តមបានកោកសរសើរ និងលើកទឹកចិត្តក្មួយស្រី ដែលជួយមើលថែជនរងគ្រោះយ៉ាងដិតដល់ ក្នុងនាមជាជនរួមជាតិខ្មែរ បើទោះបីអ្នកទាំងពីរមិនដែលស្គាល់គ្នាសោះក៏ដោយ ហើយឧត្តមសេនីយ៍ឯក ថែមទាំងផ្តល់រទេះជនពិកា ដល់អ្នកជម្ងឺម្នាក់ដែលធ្លាក់ ពីលើដើមត្នោត បណ្តាលឲ្យបែកក្បាល បាក់ដៃ បាក់ជើងដើរលេងរួចសម្រាកលើគ្រែក្បែរនោះទៀតផង៕