(ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា នៅព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះបានចេញសេចក្តីប្រកាស ដោយបញ្ជាក់អំពីជំហរ របស់ខ្លួន សង្កេតឃើញថា អង្គការ AIM មិនបានបង្ហាញឆន្ទៈសុំទោសជាសាធារណៈដល់ប្រជាជនកម្ពុជា ចំពោះព័ត៌មាន ដែលខ្លួនបានផ្តល់ជូនទូរទស្សន៍ CNN រហូតដល់មានការផ្សាយថា «កូនស្រីកម្ពុជា ត្រូវបានម្តាយយកទៅលក់ឱ្យបម្រើផ្លូវភេទ» ។

ការប្រកាសជំហររបស់ ស.ស.ស.ក បានធ្វើឡើងបន្ទាប់ពី ប្រធានអង្គការ AIM ធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី២១ ខែសីហានេះ ពាក់ព័ន្ធនឹង ការចុះផ្សាយរបស់ CNN នោះ។ ប្រធានអង្គការនេះ បានទម្លាក់កំហុសទាំងស្រុង ទៅឱ្យទូរទស្សន៍ CNN ព្រមទាំងបាន បានរិះគន់ទៅដល់ លោក ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.កផងដែរ។

ចំពោះរឿងនេះ ស.ស.ស.ក បានប្រកាសអំពីគោលជំហររបស់ខ្លួន២ចំណុចដូចខាងក្រោម៖

១៖ ការសម្រេចក្នុងការរក្សាទុក ឬបិទអង្គការ AIM គឺអាស្រ័យលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យថាតើ អង្គការមួយនេះ បានបំពេញតួនាទីត្រឹមត្រូវ និងបម្រើផលប្រយោជន៍កម្ពុជា ព្រមទាំងពិនិត្យអនុលោមតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានត្រឹមត្រូវដែរ ឬយ៉ាងណា។

២៖ ស.ស.ស.ក បានសិក្សាយ៉ាងហ្មតចត់ ហើយយល់ឃើញថា អង្គការ AIM មិនបានបង្ហាញឆន្ទៈក្នុងការសុំទោសដោយស្មោះត្រង់ចំពោះអ្នកម្តាយ ស្រ្តីកម្ពុជា និងប្រជាជនកម្ពុជានោះទេ។ ជំហររបស់យើង គឺនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ហ្មត់ចត់បំផុត រាល់របាយការណ៍ប្រឌិតបំភ្លៃ មួលបង្កាច់ ទាំងឡាយណា ដែលបង្ខូចតម្លៃកិត្តិនាមកម្ពុជា។ យើងមិនអាចអត់ឱនចំពោះសកម្មភាពណាមួយ ដែលយកតម្លៃកិត្តិយសប្រទេសទាំងមូល ធ្វើជាថ្នូរ នៃសកម្មភាពរៃអង្គាសប្រាក់​ដើម្បីគម្រោងណាមួយនោះឡើយ៕