(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានចុះសួរសុខនាយទាហាន និងពលទាហាន នៅវរៈសេនាតូចលេខ ២៨៥ និង ២៨៣ ចំណុះឲ្យកងពលតូចលេខ១២៨ ស្ថិតនៅថ្មកែវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន។
ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនេះ នាយឧត្តមសេនីយ៍ គន់ គីម បានចុះពិនិត្យពីស្ថានភាពរស់នៅ និងផ្តាំផ្ញើដល់កងទ័ពទាំងអស់ឲ្យថែទាំងសុខភាពឲ្យបានល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីបញ្ជាការដ្ឋាននៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង ហើយបានពិភាក្សាបង្កើតកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែរឹងមាំ និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ការបង្កើតកងពលលេខ១២៨នេះ បានធ្វើឡើងក្រោយពេលកងទ័ពឡាវ បានព្រមដកចេញពីលើទឹកដីរបស់កម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ៕