(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា វេទិការស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅថ្ងៃស្អែកនេះ នឹងមានភាគីពាក់ព័ន្ធ វិស័យបរិស្ថានជាង៧០០នាក់ចូលរួម ក្នុងនោះមានសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដៃគូជាតិ-អន្តរជាតិ តំណាងទូត សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងឧទ្យានុរក្សមកពីបណ្តាខេត្តមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា វេទិការលើកទី២នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យវាយតម្លៃទៅលើលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅក្នុងវេទិការលើកទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក៏ដូចជា ពិនិត្យទៅលើវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចនោះផងដែរ។
លោកបានបញ្ជាក់ថា ក្រៅពីនោះ វេទិការនេះ ក៏ពិនិត្យមើលបញ្ហាប្រឈមនានាដែលបន្តកើតមាន ហើយលើកទិសដៅការងារដើម្បីអនុវត្តបន្តទៀត ដោយដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ដោយឡែក បើតាមការបញ្ជាក់របស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅលើទំព័រ Facebook ក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្តល់ឱកាសឱ្យតំណាងភាគីពាក់ព័ន្ធទាំងអស់ បានមកជួបជុំគ្នានៅវិមានសន្តិភាពជាលើកទី២ និងទទួលបាន ឱកាសស្វែងយល់ អំពីបំណងជាយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពផងដែរ៕