(ភ្នំពេញ)៖ បន្ទាប់ពីការចេញផ្សាយតាមវិទ្យុអាស៊ីសេរី ដោយម្ចាស់កាសែត Cambodia Daily ចោទប្រកាន់រដ្ឋាភិបាលថា មានចេតនានយោបាយក្នុងការចង់បិទ កាសែតមួយនេះជាមួយនឹងលេសថា ជំពាក់ថ្លៃពន្ធរដ្ឋាភិបាល១០ឆ្នាំនោះ, ឆ្លើយតបនឹងការលើកឡើងនេះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងនិងឆ្លើយតបថា «សូមកុំលាងខ្លួនដោយ ចោទរដ្ឋាភិបាលជារឿងនយោបាយលើករណីកំណត់ពន្ធនេះឲ្យសោះ, បើចង់បន្តសកម្មភាពរបស់ខ្លួនសូមមកបង់ពន្ធជូនរដ្ឋជាការស្រេច»។

មន្រ្តីកំពូលនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «កាសែត Cambodia Daily ដែលមានម្ចាស់ជាជនជាតិ អាមេរិកក៏ដឹងច្បាស់ខ្លួនឯងដែរថា នៅសហរដ្ឋអាមេរិក បើករកស៊ីហើយមិនបង់ពន្ធក៏អាចប្រឈមនឹងទោសទណ្ឌ ផ្នែករដ្ឋបាលនិងទោសទណ្ឌផ្នែកព្រហ្មទណ្ឌ រហូតដល់ជាប់ពន្ធនាគារទៀតផង។ មិនត្រឹមតែរកស៊ីក្នុងស្រុកទេ អ្នកដែលមានសញ្ជាតិអាមេរិក ទោះរស់នៅប្រទេសណាក៏ដោយ ក៏ត្រូវប្រកាសបង់ពន្ធឱ្យរដ្ឋបាល ពន្ធអាមេរិកដែរ។ ការកំណត់ពន្ធទ្បើង វិញរបស់អគ្គនាយកដ្ឋានពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានបង់ពន្ធ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការរកឱ្យឃើញអ្នកគេចវេសពន្ធ ដើម្បីបង្កើតសមធម៌ក្នុងចំណោមអ្នកបង់ពន្ធ។ ម្យ៉ាងវិញទៀត ការអនុវត្តវិធានការតឹងទារបំណុលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះមានការរឹបអូស ទ្រព្យសម្បត្ដិអ្នកជាប់ពន្ធ ការឃាត់ទុកគណនីធនាគារ និងការទុកជាមោឃៈនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណនានាផងនោះ គឺជាការអនុវត្តតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសារពើពន្ធទៅលើអ្នកជាប់ពន្ធគ្រប់រូបដោយមិនគិតថា ជាជនបរទេស ឬប្រជាពលរដ្ឋកម្ពុជានោះទេ។

«ដូច្នេះសូមកាសែត Cambodia Daily កុំឆ្លៀតឱកាសប្រើប្រាស់សភាពការណ៍នេះដើម្បីចោទប្រកាន់រដ្ឋាភិបាលថា មានចេតនានយោបាយក្នុងការបិទកាសែត របស់លោកជាមួយនឹងលេសថា ជំពាក់ថ្លៃពន្ធរដ្ឋាភិបាល១០ឆ្នាំនោះ គឺមិនត្រឹមត្រូវនិងមិនអាចទទួលយកបានទេ។ ប៉ុន្តែប្រសិនបើលោកចង់បន្តសកម្មភាព អាជីវកម្មកាសែតនេះតទៅទៀត ត្រូវមកបង់ពន្ធជូនរដ្ឋជាការស្រេច» នេះបើយោងតាមមន្រ្តីកំពូលនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល អះអាងបន្ថែមយ៉ាងដូច្នេះ។

ប្រកាសប្រតិកម្មឆ្លើយតបរបស់មន្រ្តីកំពូល នៃអគ្គនាយកដ្ឋានពន្ធដារបែបនេះធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ម្ចាស់​កាសែត Cambodia Daily អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) តាមរយៈវិទ្យុអាស៊ីសេរី បានចោទថា ​រដ្ឋាភិបាលមាន​ចេតនា​នយោបាយ ក្នុង​ការ​ចង់​បិទ​កាសែត​នេះ ដោយ​យក​លេស​ថា ជំពាក់​ថ្លៃ​ពន្ធ​រដ្ឋាភិបាល១០​ឆ្នាំ។ ម្ចាស់កាសែត Cambodia Daily សម្តែង​ការ​សោកស្តាយ បើ​ស្ថាប័ន​នេះត្រូវ​គេ​បិទ​ដោយសារ​រឿង​មិនបង់ពន្ធ​នេះ ព្រោះ​ការ​បិទ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ប្រជាពលរដ្ឋខ្មែរមួយរូបឈ្មោះ ម៉េង លឹម វ័យ៣៥ឆ្នាំ​ ជាអ្នករកស៊ីមួយរូបនៅកម្ពុជា និងជាអ្នកធ្លាប់រស់នៅសហរដ្ឋអាមេរិកផងដែរនោះ បានលើកឡើងជាមួយ ទស្សនៈជាតិនិយមថា «អ្នកជាជនបរទេសមករកស៊ីនៅស្រុកខ្មែរ ត្រូវតែបង់ពន្ធជូនរដ្ឋខ្មែរ កាលដែលខ្ញុំរស់នៅអាមេរិក ខ្ញុំបានបង់​ពន្ធជូនរដ្ឋរបស់អាមេរិកមិន ហ៊ានខ្វះទេ ព្រោះច្បាប់អាមេរិកតឹងរឹងណាស់ បើមិនបង់នឹងប្រឈមមុខចំពោះផ្លូវច្បាប់ ឬអាចបណ្តេញចេញពីប្រទេស, ដូច្នេះក្នុងនាមខ្ញុំជាកូនខ្មែរ បើមិនចង់ រដ្ឋាភិបាលបិទ កាសែត Cambodia Daily នេះ សូមមកបង់ពន្ធជូនរដ្ឋជាការស្រេច ប៉ុន្តែបើមិនដូច្នេះទេ គាំទ្រឲ្យរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា»

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ពន្ធជូនរដ្ឋទេនោះ។

អគ្គនាយកដដែលរូបនេះបានបញ្ជាក់ថា «គិតមកដល់ថ្ងៃទី១៩ ខែសីហានេះ មានការឆ្លើយតបពីកាសែត Cambodia Daily ចំនួន២ដងហើយ ប៉ុន្តែការឆ្លើយតបនោះ គឺសុទ្ធតែមិនអាចទទួលយកបានឡើយ។ ដូច្នេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ថ្ងៃឧសានវាទចុងក្រោយ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃ ដើម្បីធ្វើការតវ៉ាបញ្ហានេះ ចាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារនឹងចេញលិខិតផ្លូវការមួយទៀត បញ្ជាក់ថា កាសែត Cambodia Daily ជំពាក់បំណុលពន្ធ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ការរឹបអូសពន្ធនេះ»។

លោក គង់ វិបុល បញ្ជាក់ទៀតថា «ចំពោះការអនុវត្តន៍ការរឹបអូសពន្ធនេះ នឹងត្រូវធ្វើតាមច្បាប់សារពើពន្ធ ដោយមាន ការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ហើយឈានដល់ការបិទកាសែតទាំងស្រុងតែម្តង ប្រសិនបើកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ»។

នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហា បានសរសេរផ្ញើជូន នាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. (កាសែត Cambodia Daily) អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមាន ក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែល ជាង៦លានដុល្លារសហរដ្ឋអាមេរិក៕