(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទ Smart Axiata និងក្រុមហ៊ុនទូរស័ព្ទ Huawei នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានដាក់ឲ្យដំណើរការបច្ចេកវិទ្យា 4.5G ដំបូងគេបង្អស់នៅកម្ពុជា។
ការដាក់ដំណើរការបច្ចេកវិទ្យា 4.5G នេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
លោក ថូ ម៉ាសហ៊ុន បានឲ្យដឹងថា «Smart នៅតែបន្ដធានាឲ្យបានថា អតិថិជនរបស់យើងអាចទទួលបានសេវាកម្មល្អបំផុត ហើយយើងបានបោះទុនវិនិយោគចំនួន៧៥លានដុល្លារ នៅក្នុងឆ្នាំ២០១៦ និង៨០លានដុល្លារទៀតនៅក្នុងឆ្នាំនេះ ដើម្បីពង្រីក និងកែលម្អបណ្ដាញ ដើម្បីផ្ដល់ជូនសេវាអ៊ីធឺណិត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត»។
លោកបានបន្ដទៀតថា ដោយឈរនៅតំណែងឈានមុខគេនៅក្នុងវិស័យនេះ Smart កំពុងតែសិក្សាលទ្ធភាពបច្ចេកវិទ្យា 5G ដែលរួមមានបច្ចេកវិទ្យា Massive MiMo ដើម្បីធានាខ្លួនបានត្រៀមរួចរាល់ សម្រាប់ពេលដែលបទដ្ឋាន និងបច្ចេកវិទ្យានេះ បានមកដល់។
ក្នុងនោះលោក David Lixiongwei អគ្គនាយក្រុមហ៊ុន Huawei បានថ្លែងឲ្យដឹងដែរថា «ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលបានរួមសហការជាមួយក្រុមហ៊ុន Smart នាំយកបណ្ដាញ 4.5G មកកម្ពុជា ហើយនឹងការខិតទៅរកបច្ចេកវិទ្យាជំនាន់ក្រោយ។ ការវិវត្តន៍នៃបច្ចេកវិទ្យា 4.5G ពិតជានឹងនាំមកនូវការអភិវឌ្ឍសំខាន់ៗលើ 4G ដែលមាននៅពេលបច្ចុប្បន្ននេះ ក៏ដូចជាដើរតួនាទីជាស្ពាន ឆ្ពោះទៅរកបច្ចេកវិទ្យា 5G នាពេលអនាគត ដែលវានឹងគាំទ្រសេវានានា រួមមានសេវា Mobile Cloud Service ការទស្សនាវីឌីអីក្នុងកម្រិត 4K Vierual Reality, Internet of Things និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត»៕