(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះបានបញ្ជាក់តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ក្រោយបញ្ចប់ការប្រឡងថ្ងៃដំបូង បុគ្គលិកអប់រំម្នាក់ បានប្រព្រឹត្តកំហុសឆ្គង០១ករណី (ធ្វើអនុរក្សជំនួស) ត្រូវបានបញ្ឈប់មិនឲ្យបន្តការងារ និងរៀបចំកំណត់ហេតុពិសេស។

យ៉ាងណាក្តីអនុរក្សប្រព្រឹត្តកំហុសឆ្គងនេះ ក្រសួងមិនបញ្ជាក់ពីអត្តសញ្ញាណ និងមណ្ឌលប្រឡងឡើយ។

ក្រសួងអប់រំបានបញ្ជាក់បន្ថែមថា បេក្ខជនប្រព្រឹត្តកំហុសឆ្គង ដែលត្រូវបានរៀបចំកំណត់ហេតុពិសេស ចំនួន០៧ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ០៥ករណី ប្ដូរលេខតុអង្គុយ​០១ករណី លួចចម្លងសំណៅឯកសារ​០១ករណី។ ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពចំនួន ២៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន​០២ករណី ដែលមិនអាចបន្តការប្រឡងបាន។​

ក្រសួងអប់រំ អះអាងថា ដំណើរការសំណេរសម្រាប់ថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនបានគោរពបទប្បញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន​។

ដោយឡែក មណ្ឌលមួយចំនួននាពេលព្រឹក នៅខេត្តកោះកុង ខេត្តព្រះសីហនុមានភ្លៀងធ្លាក់ និងពេលរសៀល មានមណ្ឌលមួយចំនួន នៅខេត្តបាត់ដំបង ខេត្តកណ្ដាល និងខេត្តក្រចេះមានភ្លៀងធ្លាក់ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថាថ្ងៃដំបូងនៃការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនអវត្តមាន១,៤៩៧នាក់ នៅទូទាំងប្រទេស ។

លោកប​ន្តបានឲ្យដឹងដែរថា ចំពោះបញ្ហាសុខភាពវិញ កើតឡើងសរុបទាំងអស់២១ករណី ក្នុងនោះមានសិស្ស ២១នាក់មាន បញ្ហាសុខភាព តែត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេល ក្រោយទទួលបានការព្យាបាល។ ប៉ុន្តែមានសិស្សចំនួន២នាក់ មិនអាចបន្តការប្រឡងបាន ក្រោយទទួលការព្យាបាល ដោយសារមានអាការៈធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃពោលគឺ ថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ដោយមានមណ្ឌលប្រឡងចំនួន ១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន ១០១,៤១០នាក់ (ស្រី៥០,០៤៩នាក់)៕​