(ភ្នំពេញ)៖ ស្របពេលដែលអ្នកបើកបរយានយន្តគ្រប់ប្រភេទ កំពុងធ្វើដំណើរលើដងផ្លូវ ដែលមានចរាចរណ៍ដ៏មមាញឹក គេឃើញមានបុរសពីរនាក់ កំពុងជួយធ្វើចរាចរណ៍បញ្ចៀសផ្លូវ ដើម្បីឲ្យបុរសពីរនាក់ទៀត អាចបើកបររថយន្តធុនធ្ងន់ពីរគ្រឿងទៅមុខបាន។ អ្នកធ្វើដំណើរ និងអ្នករស់នៅតាមដងផ្លូវ សម្លឹងមើលពួកគាត់ដោយស្នាមញញឹម ដែលជាសញ្ញាបង្ហាញនូវការពេញចិត្តសកម្មភាពរបស់ពួកគាត់។ បុរសទាំងបួននាក់នេះ កំពុងបញ្ជារថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លើផ្លូវមួយក្នុងរាជធានីភ្នំពេញ។
ថ្លែងប្រាប់ទាំងទឹកមុខរីករាយ បើទោះជាញើសជោគខ្លួន ក្រោយពីបានសម្អាតផ្លូវអស់មួយព្រឹកមក លោក ហុង អាន ប្រធានក្រុមអ្នកបើកបររថយន្តសម្អាតផ្លូវ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ការងាររបស់ពួកគាត់មានភាពនឿយហត់ព្រោះពួកគាត់ត្រូវធ្វើចរាចរណ៍ផង និងសម្អាតផ្លូវផងនៅក្រោមកម្តៅថ្ងៃស្ទើររៀងរាល់ថ្ងៃ តែគាត់សប្បាយចិត្តដែលបានចូលរួមចំណែកធ្វើឲ្យបរិស្ថានក្នុងរាជធានីភ្នំពេញបានប្រសើរជាងមុន។
លោក ហុង អាន និងសមាជិក្រុម តែងប្រកាន់ទំនួលខុសត្រូវខ្ពស់ គឺត្រូវប្រាកដក្នុងចិត្តថា ផ្លូវដែលពួកគាត់សម្អាតហើយ ត្រូវតែស្អាត និងគ្មានធូលី។
លោកបន្តថា «ពេលខ្លះតឹងចិត្តដែរ ព្រោះយើងចង់សម្អាតឲ្យលឿន ដើម្បីទៅសម្អាតផ្លូវផ្សេងៗទៀត ប៉ុន្តែផ្លូវខ្លះមានធូលីច្រើន ដូច្នេះត្រូវសម្អាតពី ពីរទៅបីដងទើបស្អាត ព្រោះយើងធ្វើការ យើងចង់ឱ្យប្រជាជនគាត់ពេញចិត្ត»។
ដោយសារតែទំនួលខុសត្រូវនេះហើយ មានពេលខ្លះលោក និងសមាជិកក្រុមបានធ្វើការលើសម៉ោង រហូតដល់ពាក់កណ្តាលអាធ្រាត្រ ពិសេសនៅពេលមានគណៈប្រតិភូ ឆ្លងកាត់នៅថ្ងៃបន្ទាប់។
ទោះជាយ៉ាងនេះក្តី លោក ហុង អាន និងសមាជិកក្រុម នៅតែពេញចិត្ត និងមានមោទនភាពលើការងារនេះ «ខ្ញុំបើកឡានជាង១០ឆ្នាំហើយ ប៉ុន្តែមិនដែលសប្បាយ និងពេញចិត្តដូចបើកឡាននេះទេ ពីព្រោះខ្ញុំអាចបើកឡានបណ្តើរ និងសម្អាតផ្លូវបណ្តើរ ហើយកាន់តែសប្បាយចិត្តទៀត នៅពេលដែលការងារខ្ញុំមានលទ្ធផលល្អ ហើយខ្ញុំឃើញលទ្ធផលភ្លាមៗ»។ «នៅពេលប្រជាជនគាត់ឃើញឡានយើងជិតទៅដល់គាត់បោសផ្លូវមុខផ្ទះ របស់គាត់ឲ្យស្អាត ហើយគាត់អរគុណយើងដែលបានសម្អាតផ្លូវ អ្នកខ្លះឱ្យមេដៃមកយើង ធ្វើឱ្យខ្ញុំសប្បាយចិត្តមានទឹកចិត្តសម្អាតតទៅទៀត»។
គួររំលឹកថា លោក ហុង អាន និងសមាជិក នឹងសម្អាតផ្លូវនៅរាជធានីភ្នំពេញរហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០១៧ ក្នុងយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ« ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជួនរថយន្តសម្អាតផ្លូវពីរគ្រឿង ទៅសម្អាតផ្លូវនានានៅគ្រប់ខេត្តរាជធានី នៃព្រះរាជានាចក្រកម្ពុជា៕