(ភ្នំពេញ)៖ ក្រោយបញ្ចប់សវនាការជាអសាធារណៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ប្រធានក្រុមជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ លោក ងួន អ៊ីម បានសម្រេចមិនអនុញ្ញាតឱ្យ អតីតសង្ឃ ហន សុផាន្នី សមាជិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដែលជាប់ចោទរឿងកាន់កាប់អាវុធខុសច្បាប់ នៅខេត្តបាត់ដំបង នៅក្រៅជាបណ្តោះអាសន្ននោះទេ។
លោកមេធាវី ជូង ជូងី មេធាវីរបស់ជនសង្ស័យ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា លោកនឹងប្តឹងទៅតុលាការកំពូលបន្តទៀត ដើម្បីឲ្យតុលាការដោះលែងកូនក្ដី បាននៅក្រៅឃុំបណ្តោះអាសន្ន។
អតីតសង្ឃ ហន សុផាន្នី ត្រូវបានលោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ចំនួន២បទល្មើសគឺ បទកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
អតីតសង្ឃអង្គនេះ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង បានចុះចាប់ខ្លួន និងផ្សឹក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ តាមដីការបស់តុលាការ បញ្ជាឲ្យចូលខ្លួន ចេញដោយលោក កឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕