(ភ្នំពេញ)៖ ឪពុកម្តាយស្ដ្រីម្នាក់ដែលត្រូវឃុំខ្លួន រឿងជម្លោះរវាងអ្នកលក់ខោអាវ ក្នុងផ្សារទំនើបស្ទឹងមានជ័យ ទទូចឲ្យតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តារកយុត្តិធម៌ជូន និងសូមឲ្យលែងកូនស្រីរបស់ពួកគាត់វិញ ដោយអះអាងថា រឿងរ៉ាវនេះភាគីទាំងពីរ សុទ្ធតែការពារខ្លួនដូចគ្នា នៅពេលដែលមានទំនាស់បានកើតឡើង ផ្ទុយទៅវិញ ខាងគេមានគ្នាច្រើនជាង ហើយព្រួតគ្នាយ៉ាងសន្ធាប់ បែរជាត្រូវគេឲ្យរួចខ្លួនទៅវិញ។
ផ្ដល់បទសម្ភាសន៍ជាមួយ ភ្នាក់ងារអង្គភាព Fresh News នៅសាលាដំបូងរាជធានីភ្នំពេញ ឪពុកម្ដាយក្មេងស្រីរូបនេះ បានទទួចសុំឲ្យតុលាការដោះលែង កូនស្រីរបស់គាត់ពីពន្ធនាគារ PJ ព្រោះថាកូននៅសិក្សា និងជួយកិច្ចការផ្ទះជាច្រើន ដើម្បីជីវភាពរកទទួលទានប្រចាំថ្ងៃ ថ្លែងពាក់ព័ន្ធផ្លូវច្បាប់គាត់បញ្ជាក់ថា ព្រោះតែគំនុំរឿងលក់ដូរខោអាវមិនដាច់ ទើបអាងអំណាចប្តឹងធ្វើបាបគ្រួសារគាត់ទន់ខ្សោយ ទាំងអយុត្តិធម៌ក្នុង។
គួររំលឹកថា ស្ដ្រីវ័យក្មេង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជម្លោះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងឈ្មោះ សុខ ផល្លា ហៅគីម អាយុ៣៥ឆ្នាំមុខរបរ លក់ដូរខោអាវ ស្នាក់នៅផ្ទះលេខ២៤E០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកភាគីម្ខាងទៀត មានឈ្មោះ ឆេន ស៊ីម៉ា ហៅប៉ុម អាយុ១៩ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ៕