(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ បានសហការជាមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យផលិតផល ចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទនៅក្នុងផ្សារ Superstore ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងនំមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅក្នុងផ្សារ និងតាមម៉ាត។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកមើលកាលបរិច្ឆេទ ហួសសុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល ។
លោកអនុប្រធានបានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។
ជាមួយគ្នានោះ លោក ឆាយ ថូនី បានសរសើរដល់ ផ្សារ Superstore ដែលដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មានអនាម័យ មិនមានដាក់តាំងលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ ៕