(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា បានអញ្ជើញដឹកនាំកម្លាំង ដែលពាក់ព័ន្ធ ដើម្បីចូលរួមរក្សាការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានការចូលរួមពីអភិបាលរងខណ្ឌលោក លីន ញ៉ក់ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយប៉ុស្ដិ៍ មន្ត្រីនគរបាលប៉ុស្ដិ៍-ខណ្ឌនិងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ជា ពិសី បានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាមួយគណៈកម្មការបច្ចេកទេស ព្រមទាំងក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងពីរភេទ ដោយបញ្ជាក់ថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សាកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត ។
លើសពីនេះ ក្រសួងអប់រំ ក៍មិនបានធ្វើឲ្យមានបញ្ហា លើផ្នែកវិញ្ញាសារប្រឡងចេញទៅខាងក្រៅឡើយ ដោយមានតែក្មួយៗទាំងអស់តែប៉ុណ្ណោះ ដែលបានឃើញក្នុងពេលប្រឡង ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា សម្រាប់វិទ្យាល័យឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសិស្សានុសិស្ស ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦-២០១៧នេះ សរុប៨៧៥នាក់ គ្រូ១០៥នាក់ មាន៣៥បន្ទប់ សិស្សស្រី៤៣៨នាក់៕