(ក្រចេះ)៖ បេក្ខជនបេក្ខនារីជិត២ពាន់នាក់ មកតាមបណ្ដាក្រុងស្រុកទូទាំងខេត្តក្រចេះ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុបឆ្នាំ២០១៧ ដែលបានដំណើរការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។ ការចូលរួមប្រឡងប្រគួតប្រជែង ដើម្បីសម្រេចគោលដៅនៃការសិក្សាអស់រយៈពេល១២ឆ្នាំ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា មណ្ឌលប្រឡងទូទាំងខេត្តក្រចេះ មានចំនួន៣មណ្ឌល ទី១មណ្ឌលវិឡាល័យក្រចេះក្រុង ទី២វិឡាល័យ សម្ដេចតេជោហ៊ុន សែន ក្រុងក្រចេះ និងទី៣វិឡាល័យ មហាក្រត្រយានីកុសាមៈ ស្មើនឹង៧០បន្ទប់ មានបេក្ខជនសរុបចំនួន១៧៤៥នាក់ ក្នុងនោះស្រីចំនួន៨៦១នាក់ ហើយសិស្សស្វ័យរិនចំនួន២៦២នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៦ មានការកើនឡើងបន្តិចបន្តួច។

លោកប្រធានមន្ទីរបានបន្តទៀតថា ដោយមានការចូលរួមពីលោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ ព្រមទាំងគណៈ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញជាគណៈអធិបតី បើកហិប និងកាត់កញ្ចប់វិញ្ញាសារប្រលងដើម្បីចាប់ផ្ដើម ដំណើរការប្រឡង ព្រមទាំងមានសមត្ថកិច្ចការពារសន្តិសុខសុវត្ថិភាពយ៉ាងម៉ត់ចត់។

លោកប្រធាន បានលើកបន្ថែមទៀតថា ទិដ្ឋភាពនៅតាមមណ្ឌលប្រឡងនីមួយៗនាព្រឹកនេះ គឺមានលក្ខណៈសភាពជាធម្មតា គឺគ្មានអ្វីខុសប្លែកគ្នាទេ បើប្រៀបធៀប ទៅនឹងការប្រឡង់ នៅឆ្នាំ២០១៦នោះ គឺប្រព្រឹត្តទៅដោយរលូន ដោយមន្ទីរអប់រំខេត្ត បានសហការជាមួយអាជ្ញាធរខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ កម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលលរួមការការពាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលប្រឡងឲ្យ មានភាពត្រឹមត្រូវ តម្លាភាព សុក្រឹត្យ និងយុត្តិធម៌៕